ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ករណីផ្សែងហុយលើស្ពានអាកាសស្ទឹងមានជ័យមិនមែនឆេះរថយន្តនៅលើស្ពាននោះទេ! ជាផ្សែងរថយន្តដឹកទំនិញបើកឆ្លងកាត់ឡើងលើស្ពានអាកាស!
ថ្មីៗនេះមានសារព័ត៌មានមួយចំនួនតូចបានផ្សព្វផ្សាយថាមានរថយន្តឆេះនៅលើស្ពានអាកាសស្ទឹងមានជ័យ ជាការផ្សព្វផ្សាយព័ត៌មានមិនពិត។
សូមបញ្ជាក់ថាកាលពីវេលាម៉ោងប្រហែល០៧នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ មានរថយន្តកូរ៉េ ០១គ្រឿង មិនចាំម៉ាក និងផ្លាកលេខ បានបើកបរនៅលើផ្លូវ២៧១ ពីមន្ទីរពេទ្យរុស្ស៊ីឆ្លងស្ពានអាកាសស្ទឹងមានជ័យទិសដៅទៅសាលាសាមគ្គី ដោយដឹកឥវ៉ាន់ធ្ងន់រថយន្តរោទ៍ខ្លាំងបណ្តាលឲ្យមានផ្សែងហុយចេញពីបំពង់សុីម៊ាំង។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះទៅដល់កន្លែងកើតហេតុ និងបានសួរនាំប្រជាពលរដ្ឋនៅក្រោមស្ពានបានប្រាប់ថាពុំមានករណីឆេះរថយន្តនោះទេ ជាផ្សែងរថយន្តដែលបើកលើស្ពានអាកាសក៏បានបើកបរចេញទៅបាត់៕