ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៥និង០០នាទី ត្រង់ចំណុចក្រុមទី២១ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីលួច (កាត់ខ្សែភ្លើង) មួយកើតឡើង ដែលប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ប្រជាពលរដ្ឋនៅចំណុចកើតហេតុខាងលើ ។
ក្រោយពីទទួលបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងផ្នែកយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរចារ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះស៊ើបអង្កេតឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ហេង ជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង និង២-ឈ្មោះ តូច វុធ ហៅខ្វេ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋតាមទីសាធារណៈ ពិតប្រាកដមែន ហើយរយៈកាលកន្លងមក ពួកខ្លួនធ្លាប់ធ្វើសកម្មភាពបែបនេះបានចំនួន ០៤ដងមកហើយ ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕