ខេត្តត្បូងឃ្មុំ÷ នារសៀលថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២៥ នេះទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខពលរដ្ឋ និងពិនិត្យមើលស្ថានភាពទីទួលសុវត្ថិភាពពលរដ្ឋ នៅឃុំជីរោទិ៍ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
អមដំណើរនាឱកាសនោះរួមមានលោក ប៉ែន កុសល្យអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត មន្ទីរ/អង្គភាពជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ។
ការអញ្ជើញចុះសួរសុខទុក្ខពលរដ្ឋនេះ ក្នុងគោលបំណងពិនិត្យមើលស្ថានភាពជាក់ស្តែងក្នុងតំបន់ដែលប្រឈមទៅដោយទឹកជំនន់ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលជាមួយនិងពលរដ្ឋផងដែរ។
ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់រងគ្រោះទឹក ជំនន់ឱ្យតាមដានស្ថានភាពទឹក និងធ្វើការរៀបចំខ្លួនឱ្យបានរួចជាស្រេចក្នុងពេលគ្រោះអាសន្នដើម្បីជម្លៀលមកកាន់ទីទួលសុវត្ថិភាព មួយវិញទៀតបងប្អូនពលរដ្ឋដែលរស់នៅលើទីទួល សុវត្ថិភាពទាំង២ទីតាំងក្នុងខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់ រក្សាអនាម័យ សុខភាព បរិស្ថាន ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗផងដែរ។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំកម្ពស់ទឹកទន្លេមេគង្គព្រឹកថ្ងៃ ទី០១ ខែតុលា ឆ្នាំ២០២៥នេះ ទឹកមានកម្ពស់១៤,២៦ ម៉ែត្រ ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកឡើង០,១៦ ម៉ែត្រ ធៀបឆ្នាំមុនខ្ពស់ជាង ០,៩៤ម៉ែត្រ ។ សម្រាប់កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ៕