ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីផ្សព្វផ្សាយវឌ្ឍនភាពការងារនិងទិសដៅបន្ត នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិច (E-parliament) ក្នុងរយៈពេលជាង ២ ឆ្នាំ កន្លងមក របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍ចំនួន ៦ចំណុច ដើម្បីបន្តកែល្អ និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពការងារ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ពិសេសការទទួលបានជោគជ័យនៅក្នុងគោលដៅធ្វើកំណែទម្រង់និងការអភិវឌ្ឍស្ថាប័នខាងលើ។
អនុសាសន៍ទំាង៦ចំណុចរបស់សម្តេចប្រធានរដ្ឋសភាមាន៖
ទី១. ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកសាងស្នាដៃថ្មីៗ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ ឬសេចក្តីសម្រេចនានា ពាក់ព័ន្ធនឹងការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចល្អ សំដៅឈានទៅសម្រេចបានគោលដៅពង្រឹង និងលើកកម្ពស់ស្ថាប័នរដ្ឋសភា រួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ជឿនលឿនប្រកបដោយបរិយាបន្ន និងចីរភាព។ សម្តេចបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់កម្រិត បន្តដឹកនាំ និងជំរុញមន្រ្តីក្រោមឱវាទឱ្យមានការចូលរួមអនុវត្តការងារឱ្យបានសកម្ម និងផុលផុស ប្រកបដោយស្មារតីខ្ពស់ សាមគ្គីភាព និងទំនួលខុសត្រូវ ។
ទី២. ត្រូវត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សេវាជូនដល់គណៈកម្មាធិការអចិន្រៃ្តយ៍ គណៈកម្មការជំនាញ និងសមាជិក សមាជិការដ្ឋសភា ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ។
ទី៣. ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គុណាធិបតេយ្យ ដោយកំណត់ឱ្យឃើញ និងផ្តល់ការលើកទឹកចិត្តដល់មន្រ្តីដែលមានស្នាដៃ។ ត្រូវបន្តសិក្សា និងកែលម្អនូវរាល់សមិទ្ធកម្មដាក់ចេញ ដោយពង្រឹងការគិតប្រកបដោយនវានុវត្តន៍ និងភាពជាអ្នកដឹកនាំ។ ត្រូវជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែង និងវិនិយោគធនធានបន្ថែមទៀត នៅក្នុងការធ្វើទំនើបភាវូបនីយកម្មស្ថាប័ន តាមរយៈ ការអភិវឌ្ឍមូលធនមនុស្ស ការអភិវឌ្ឍភាពជាអ្នកដឹកនាំ នវានុវត្តន៍ស្ថាប័ន និងបរិវត្តកម្មឌីជីថល។
ទី៤. បន្តលើកកម្ពស់សមត្ថភាពស្ថាប័ន និងពង្រឹងសមត្ថភាពជំនាញដល់មន្រ្តី ស្របទៅនឹងតម្រូវការងារ របស់អង្គភាពទទួលបន្ទុកក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងមូល សំដៅធានាបាននូវការផ្តល់សេវាកម្ម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។ ការវាយតម្លៃសមត្ថភាពនិងជំនាញរបស់មន្រ្តីនិងការសិក្សាពីតម្រូវការ គឺជាកត្តាចាំបាច់ ក្នុងការកសាងផែនការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អង្គភាព។ ក្នុងន័យនេះ ឯកឧត្តម អគ្គលេខាធិការ និងថ្នាក់ដឹកនាំពាក់ព័ន្ធត្រូវជំរុញឱ្យមានការសិក្សាអំពីតម្រូវការនេះឱ្យបានទូលំទូលាយ និងជាក់ស្តែង។
ទី៥. ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវមានគុណធម៌ ចេះដឹងសុខទុក្ខរបស់មន្រ្តី ហើយត្រូវលើកទឹកចិត្ត ឱ្យមានការចូលរួមគ្រប់ៗគ្នាពីមន្រ្តី ដោយចៀសវាងដាច់ខាតនូវ ជំងឺតួឯក និងការយកប្រយោជន៍សួនតួជាធំ ដោយចាត់តាំងការងារឱ្យតែបក្សពួករបស់ខ្លួន ដែលធ្វើឱ្យមន្រ្តីផ្សេងទៀតបាក់ទឹកចិត្ត។ យើងត្រូវចាំថា ការចូលរួមរបស់មន្រ្តីកាន់តែច្រើន នឹងនាំមកនូវលទ្ធផលកាន់តែប្រសើរ ដែលបង្ហាញច្បាស់ពីភាពជាអ្នកដឹកនាំល្អ របស់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់។
ទី៦. បន្តជំរុញ និងលើកកម្ពស់អភិបាលកិច្ចល្អ នៅក្នុងស្ថាប័ន សំដៅធានាឱ្យបាននូវការចូលរួមប្រកបដោយបរិយាបន្ន(Inclusive) សមភាព (Equity) តម្លាភាព(Transparency) និងគណនេយ្យភាព (Accountability)។ ក្នុងនោះផ្នែកមួយនៃការងារអភិបាលកិច្ច ដែលត្រូវជំរុញឱ្យខានតែបាន គឺលំហូរការងារនៅក្នុងអង្គភាព៖ ការងារនេះចាំបាច់ត្រូវគោរពឱ្យបានទៅតាមឋានានុក្រម និងរចនាសម្ព័ន្ធចាត់តាំងឱ្យត្រឹមត្រូវហ្មត់ចត់ មានប្រសិទ្ធភាព និងគណនេយ្យភាពខ្ពស់ សំដៅចៀសវាងភាពមិនត្រឹមត្រូវ និងត្រូវគោរពតាមបទប្បញ្ញត្តិ គោលការណ៍ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន៕
ដោយ ៖ សិលា