លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ស្នើសុំអង្គការសហប្រជាជាតិពង្រឹងបេសកកម្មថែរក្សាសន្តិភាពនិងបេសកកម្មឃ្លាំមើលតាមបន្ទាត់ព្រំដែនជាពិសេសនៅតំបន់ជម្លោះ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសុន្ទរកថាថ្លែងក្នុងឱកាសសម័យប្រជុំលើកទី៨០នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅបានឱ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា សម្រាប់ប្រទេសដូចជាកម្ពុជា អំណាចដ៏ធំបំផុតរបស់អង្គការសហប្រជាជាតិ មិនមែនជាអំណាចបង្ខិតបង្ខំទេ ប៉ុន្តែជាអំណាចខាងសីលធម៌ ភាពស្របច្បាប់និងអំណាចកោះប្រជុំដែលនឹងអាចជួយការពារប្រទេសតូចៗ និងរក្សាបាននូវសន្តិភាព។

នៅក្នុងសុន្ទរកថានោះដែរ បានបញ្ជាក់ថា ដើម្បីលើកស្ទួយនូវចក្ខុវិស័យរបស់ស្ថាបនិកអង្គការសហប្រជាជាតិ និងឆ្លើយតបចំពោះស្ថានការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្នចាំបាច់ត្រូវមានការកែទម្រង់ ហើយកម្ពុជាគាំទ្រកំណែ ទម្រង់ដែលមានលក្ខណៈជាក់ស្តែងនិងតាមដំណាក់កាលបន្តបន្ទាប់សំដៅជួយពង្រឹងប្រសិទ្ធភាពតែមិនធ្វើឱ្យប៉ះពាល់ដល់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិឡើយ។លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានលើកឡើងជាអនុសាសន៍មួយចំនួនសម្រាប់អង្គការសហប្រជាជាតិក្នុងការធ្វើកំណែទម្រង់ជាអាទិភាពសំខាន់រួមមាន៖ ការពង្រឹងអំណាចនៃយន្តការការទូតដើម្បីបញ្ជៀសជម្លោះនិងសម្រុះសម្រួលដោយផ្តល់ឧបករណ៍បន្ថែមដល់អង្គការសហប្រជាជាតិសម្រាប់ដោះស្រាយវិបត្តិឱ្យបានមុនពេលផ្ទុះឡើង ការពង្រឹងមហាសន្និបាតអង្គការសហប្រជាជាតិដែលជាស្ថាប័នមានលក្ខណៈតំណាងបំផុតដោយត្រូវធ្វើយ៉ាងណាឱ្យសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតមានសមត្ថភាពខ្លាំងជាងមុនក្នុងការត្រួតពិនិត្យ តាមដានលើការអនុវត្តនិងមានទម្ងន់ផ្នែកសីលធម៌ខ្លាំងជាងមុន។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានលើកឡើងពីការបង្កើនចំនួនអាសនៈសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែប្រសើរជាងមុននូវស្ថានភាពពិភពលោកពហុប៉ូលនាពេលបច្ចុប្បន្ន នេះនិងដើម្បីពង្រឹងនីត្យានុកូលភាពនៃក្រុមប្រឹក្សាសន្តិសុខ និងពង្រឹងបេសកកម្មថែរក្សាសន្តិភាព និងបេសកកម្ម ឃ្លាំមើលតាមបន្ទាត់ព្រំដែនជាពិសេសនៅតំបន់ជម្លោះដើម្បីឱ្យរដ្ឋតូចៗទទួលបានសិទ្ធិស្មើគ្នាក្នុងយន្តការសម្រុះ សម្រួលនិងការការពារ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានគូសរំលេចពីវិធានការបំពេញបន្ថែមមួយចំនួនទៀត ដូចជា ការផ្តល់មូលនិធិ បច្ចេកវិទ្យានិងការកែសម្រួលផ្នែកច្បាប់ជាជំហានៗនឹងអាចប្រែក្លាយគោលការណ៍កំណែទម្រង់ដ៏ធំ ទៅជាវឌ្ឍនភាពជាក់ស្តែង៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print