ខេត្តសៀមរាប ៖ «បុព្វហេតុ ធំជាងអ្វីទាំងអស់»។ បុព្វហេតុ ជាកត្តាកំណត់ក្នុងការប្រមូលកម្លាំង។ អ្វីក៏ដោយ បើមានបុព្វហេតុច្បាស់លាស់ ហើយបុព្វហេតុនោះ គឺជាប្រយោជន៍រួម ជាពិសេសនៅគ្រប់ផលប្រយោជន៍របស់ប្រទេសជាតិ នោះច្បាស់ណាស់ ឆន្ទៈ ស្មារតី ការលះបង់ និងសាមគ្គីភាព កើតឡើងឯកឯង ព្រមគ្នា ស្រុះគ្នា ហើយមានសម្ទុះដ៏ខ្លាំងក្លា។ ខ្មែរយើង ធ្លាប់រួមគ្នាដណ្តើមឯករាជ្យពីអាណានិគមបារាំង។ ខ្មែរ ហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិចេញពីសង្គ្រាមស៊ីវិល ការទម្លាក់គ្រាប់បែក និងអំពើប្រល័យពូជសាសន៍។ ខ្មែរធ្លាប់យកឈ្នះលើពួកចោរសៀមនៅតុលាការអន្តរជាតិ ICJ និងនៅឆ្នាំ២០១០។ ខ្មែរ ធ្លាប់យកឈ្នះលើជំងឺសកល កូវីដ-១៩។ ខ្មែរ បានរួមគ្នាកសាងប្រទេសដ៏អស្ចារ្យរហូតមានគេ ច្រណែននឹងការរីកចម្រើនដ៏លឿនរបស់កម្ពុជា។ នេះហើយហៅថា «កម្លាំងជាតិ»។ នេះហើយជាសក្ខីភាព«ខ្មែរធ្វើបាន»។
ខ្ញុំមានជំនឿដ៏មុតមាំថា គ្មានកម្លាំងអ្វីទប់ស្កាត់ការរះឡើងរបស់កម្ពុជានោះទេ។ យើងមានថ្នាក់ដឹកនាំល្អ គឺជាសំណាងរបស់យើង ជាសំណាងរបស់ប្រជាជន និងប្រទេសជាតិយើង។ យើងត្រូវតែរួមគ្នា ដោយជឿជាក់គ្នា ដើម្បីជម្នះការលំបាកនៅគ្រប់កាលៈទេសៈ ឱ្យបានជាដាច់ខាត។ អ្វីដែលខ្ញុំចង់និយាយបន្តទៀត សម្រាប់ការត្រិះរិះពិចារណា មានដូចតទៅ៖
១- អ្វីជាកម្លាំង? កម្លាំងដែលធំបំផុត គឺភាពជឿជាក់លើបុព្វហេតុ។ កម្លាំងម្យ៉ាងទៀត គឺចេញពីសាមគ្គីគ្នា ដែលប្រៀបដូចជា«ចង្កឹះ១បាច់»។ ចង្កឹះ១បាច់នៅទីនេះ ប្រៀបបានជាកម្លាំងសាមគ្គី លើសពីបុគ្គល តែជា«កម្លាំងស្ថាប័ន»។
២- អ្វីជាកម្លាំងស្ថាប័ន? ស្ថាប័នជាបណ្តុំនៃកម្លាំង ដែលរួមបញ្ចូលគ្រប់សមាសភាព សមត្ថភាព ប្រាជ្ញា បទពិសោធន៍ ទេពកោសល្យ ច្បាប់ បរិយាកាស និងវប្បធម៌។ នេះហើយហៅថា កម្លាំងស្ថាប័ន ដែលលើសពីចង្កឹះ១ដើម។ នេះហើយ «សាមគ្គីជាតិ»។
៣- អ្វីជាការដឹកនាំ? គឺការនាំឱ្យគេធ្វើ។ ពិតណាស់សិល្បៈនៃការដឹកនាំ គឺមិនដូចគ្នាទេ សូម្បីតែប្រព័ន្ធនយោបាយនៃបណ្តាប្រទេសនីមួយៗ ក៏មិនដូចគ្នាដែរ។ មានទិដ្ឋភាព២នៅក្នុងសិល្បៈនៃការដឹកនាំ (management style or leadership style)។ ទី១. បើសម្រេចយកការដឹកនាំបែបបុគ្គលឬបែបចង្អៀត នោះច្បាស់ណាស់ ដំណើរការងារនឹងប្រឈមនូវស្ថានការណ៍៖ ទូលផង អូសផង រែកផង និងពន់ផង ហើយវាពិតជាធ្ងន់ណាស់។ ទី២. បើសម្រេចយកការដឹកនាំបែបទូលាយ ឬបែបស្ថាប័ន គឺម្នាក់ៗពីចាប់ពីលើ មកដល់ក្រោម នឹងមានកាតព្វកិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួន ស្របតាមបេសកកម្មនិងចក្ខុវិស័យរបស់ស្ថាប័ន ហើយក៏បម្រើឱ្យគោលបំណងរបស់ថ្នាក់ដឹកនាំផងដែរ។
៤- ចង់សម្រេចការធំ ត្រូវប្រើមនុស្សឱ្យដូចជាប្រើមេទ័ព កុំប្រើមនុស្សជាលក្ខណៈជាជំនួយការ។ មេទ័ព គឺជាអ្នកក្លាហាន។ គ្មានអ្នកក្លាហានណា ដែលព្រមឱ្យក្បាលឱ្យគេសម្លាប់ ដោយគ្មានឥស្សរភាពនោះទេ។ គ្រប់ស្ថានការណ៍ ត្រូវតែប្រើមនុស្ស៣ប្រភេទគឺ៖ អ្នកចេះ អ្នកស្មោះត្រង់ និង អ្នកក្លាហាន។
៥- អ្វីជាតម្លៃស្នូលនៃសាមគ្គី ភាព ៖ គឺការជឿជាក់គ្នា ការទុកចិត្តគ្នា ការឱ្យតម្លៃគ្នា សមធម៌ និងយុត្តិធម៌។ បើគ្មានធាតុទាំងអស់នេះជាស្នូលទេ ពាក្យសាមគ្គីបានត្រឹមតែការដង្ហោយហៅ ហើយបង្កើតបានត្រឹមភាពស្ទាក់ស្ទើរ និងមន្ទិល។ «ការជឿជាក់ បង្កើតកម្លាំងសាមគ្គី! សាមគ្គី គឺពង្រឹងភាពជឿជាក់ ដើម្បីដណ្តើមជ័យជម្នះ»។
សៀមរាប ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥
សំណេរដោយ ៖ កូនកសិករ