ប្រធាន FIFA លោក Gianni Infantino បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បាល់ទាត់មិនអាចដោះស្រាយជម្លោះបានទេ ប៉ុន្តែវាត្រូវតែនាំសារសន្តិភាព និងឯកភាព ខណៈដែលប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងភាពតានតឹងជាសកលផ្សេងទៀតក៏ត្រូវឱ្យកីឡាមានជំហរចូលរួមនាំសារផងដែរ។
លោក Infantino បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សា FIFA នៅទីក្រុង Zurich ជាកន្លែងដែលគាត់បានជួបប្រធានសហព័ន្ធប៉ាឡេស្ទីនលោក Jibril Rajoub ថា “នៅឯ FIFA យើងប្តេជ្ញាប្រើអំណាចនៃកីឡាបាល់ទាត់ដើម្បីនាំមនុស្សរួមគ្នានៅក្នុងពិភពលោកដែលបែកបាក់គ្នា។គំនិតរបស់យើងគឺជាមួយអ្នកដែលកំពុងរងទុក្ខនៅក្នុងជម្លោះជាច្រើនដែលមាននៅជុំវិញពិភពលោកនាពេលបច្ចុប្បន្ននេះ ហើយសារសំខាន់បំផុតដែលកីឡាបាល់ទាត់អាចបង្ហាញនាពេលនេះគឺមួយនៃសន្តិភាព និងឯកភាព” ។
លោកInfantino បានថ្លែងថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក មិនអាចដោះស្រាយវិបត្តិភូមិសាស្ត្រនយោបាយបានទេ ប៉ុន្តែ “វាអាច និងត្រូវតែលើកកម្ពស់បាល់ទាត់ជុំវិញពិភពលោក ដោយប្រើប្រាស់នូវតម្លៃបង្រួបបង្រួម ការអប់រំ វប្បធម៌ និងមនុស្សធម៌”។
ការអត្ថាធិប្បាយនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីអនុប្រធាន FIFA លោក Victor Montagliani បានកត់សម្គាល់ថាការសម្រេចចិត្តណាមួយលើការចូលរួមរបស់អ៊ីស្រាអែលនៅក្នុងការប្រកួតអ៊ឺរ៉ុប រួមទាំងការប្រកួតជម្រុះ World Cup គឺជាបញ្ហាសម្រាប់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប UEFA ក្នុងការសម្រេចចិត្ត។
អ៊ីស្រាអែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល I របស់អឺរ៉ុបក្នុងវគ្គជម្រុះសម្រាប់ការប្រកួត World Cup ឆ្នាំក្រោយនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ អង្គការលើកលែងទោសអន្តរជាតិកាលពីថ្ងៃពុធបានផ្ញើលិខិតមួយទៅកាន់ FIFA និង UEFA ដោយអំពាវនាវឱ្យពួកគេផ្អាកសមាគមបាល់ទាត់អ៊ីស្រាអែលមិនឱ្យចូលរួមប្រកួតពានរង្វាន់ផ្សេងៗ៕