ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍រួមជាមួយបុគ្គលិកស្ម័គ្រចិត្តរបស់ខ្លួនប្រហែល ៥០០ នាក់បានប្រមូលសំណល់ប្លាស្ទិក និងសំរាម ៤,៧ តោនដែលស្មើនឹងការកាត់បន្ថយការបញ្ចេញចោលនៃឧស្ម័នកាបូនិក ៧០៥ គីឡូក្រាម។ ត្រូវបានធ្វើឡើងដើម្បីគាំទ្រដល់ទិវាសម្អាតពិភពលោកឆ្នាំ២០២៥ គំនិតផ្តួចផ្តើមនេះមានការចូលរួមពីបុគ្គលិកស្ម័គ្រចិត្តជាច្រើនដោយពួកគេបានចំណាយពេលជាង ៣០០០ ម៉ោងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការពារបរិស្ថាន។
ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំសកម្មភាពសម្អាតជាច្រើននៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ធំ និងខេត្តកែប។ សិស្ស ប្រជាពលរដ្ឋក្នុងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន បានពួតដៃគ្នាប្រមូលសំណល់ប្លាស្ទិក និងសំរាមនៅតាមផ្លូវជាតិ ទីធ្លាសាលារៀន កោះ និងឆ្នេរសមុទ្រ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានប្រែក្លាយទីសាធារណៈដែលមានសំរាមទៅជាកន្លែងដែលស្អាត និងស្រស់បំព្រងជាងមុនដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ការរក្សាប្រទេសកម្ពុជាឱ្យស្អាត គឺជាទំនួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ បុគ្គលិកស្ម័គ្រចិត្តរបស់យើងបានប្រែក្លាយទំនួលខុសត្រូវនេះទៅជាសកម្មភាពដោយធ្វើការប្រមូលសំរាមជាក់ស្តែង និងផ្តល់សិក្ខាសាលាអប់រំនៅតាមសាលារៀន។ ការផ្តោតរបស់យើង មិនត្រឹមតែកាត់បន្ថយសំណល់ និងលើកកម្ពស់ការកែច្នៃឡើងវិញប៉ុណ្ណោះទេប៉ុន្តែថែមទាំងកាត់បន្ថយសំរាមឱ្យតិចបំផុតហូរចូលទន្លេ ឬកន្លែងចាក់សំរាម។ បរិស្ថានកាន់តែស្អាត មានន័យថាការរស់នៅមានសុខភាពល្អជាងមុន និងសហគមន៍ប្រសើរជាងមុន”។
គួរបញ្ជាក់ថា ទិវាសម្អាតពិភពលោកលើកទី៨ ក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងស្រុកពញាឮ ខេត្តកណ្តាលដែលរៀបចំឡើងដោយក្រសួងបរិស្ថាន និងអង្គការសម្អាតទន្លេសមុទ្រ។
លោក នូ សុវណ្ណ ស្ថាបនិកអង្គការសម្អាតទន្លេសមុទ្រ បានឱ្យដឹងថា ការជួយសង្គ្រោះទន្លេ មានន័យថា ជួយសង្គ្រោះជីវិត។ “ទន្លេ គឺជាសរសៃឈាមរបស់ប្រទេសកម្ពុជា។ ទន្លេផ្តល់ទឹក អាហារ និងបង្កើនជីវភាពដល់មនុស្សរាប់លាននាក់។ ប៉ុន្តែទន្លេរបស់យើងត្រូវបានបំពុល ហើយតម្លៃរបស់វាត្រូវបានមើលរំលងដែលនាំទៅរកផលប៉ះពាល់អវិជ្ជមានទៅលើសុខភាព សេដ្ឋកិច្ច និងបរិស្ថាន”។
ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ លោក សុវណ្ណ បានបន្ថែមថា “សម្រាប់ខ្ញុំ បេសកកម្មនេះមានរឿងពាក់ព័ន្ធជាមួយខ្ញុំច្រើន។ ធំលូតលាស់បន្ទាប់ពីរបបខ្មែរក្រហម គ្រួសារដែលមានគ្នា ៩ នាក់របស់ខ្ញុំ បានរស់រានមានជីវិតនៅលើទឹកបឹងដែលនៅក្បែរកន្លែងរស់នៅរបស់ខ្ញុំ។ ក្រោយមក នៅពេលខ្ញុំធ្វើដំណើរទូទាំងប្រទេសកម្ពុជា ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឃើញទន្លេ និងឆ្នេរមានសំណល់ប្លាស្ទិករាយប៉ាយយ៉ាងច្រើន។ ឃើញដូចនោះ ខ្ញុំក៏បានអំពាវនាវឱ្យមានសកម្មភាព។ ការប្រឹងប្រែងដែលយើងធ្វើដើម្បីការពារទន្លេរបស់យើង ផ្តល់លទ្ធផលវិជ្ជមានយូរអង្វែង ធ្វើឱ្យជីវិតប្រសើរឡើង និងសម្រាប់អនាគតដ៏វែងឆ្ងាយរបស់ប្រទេសកម្ពុជា”។
គួរដឹងថា ណាហ្គាវើលដ៍ ប្តេជ្ញាលើកកម្ពស់និរន្តរភាពបរិស្ថាននៅគ្រប់ប្រតិបត្តិការរបស់ខ្លួន។ តាមរយៈណាហ្គាវើលដ៍បេះដូងសប្បុរស កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានពង្រីកទៅដល់សាលារៀន និងសហគមន៍ដែលជួយលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរឥរិយាបថជាលក្ខណៈយូរអង្វែង។ តាមរយៈការបញ្ចូលការអនុវត្តបែបនិរន្តរភាពទៅក្នុងការប្រតិបត្តិការ និងពង្រីកទៅដល់សាលារៀន និងសហគមន៍ ណាហ្គាវើលដ៍បន្តគាំទ្រដល់គោលដៅការពារបរិស្ថានយូរអង្វែងរបស់ប្រទេសកម្ពុជាធ្វើការឆ្ពោះទៅរកអនាគតកាន់តែស្រស់បំព្រង បៃតង និងមានភាពធន់ជាងមុនសម្រាប់ប្រទេសកម្ពុជា”៕ដោយ៖តារា
បរិស្ថានសាលារៀនស្អាត ធ្វើឱ្យការសិក្សាប្រសើរឡើង និងលើកកម្ពស់សុខុមាលភាពសិស្សានុសិស្ស។
ណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមទិវាសម្អាតពិភពលោកលើកទី៨ ដែលត្រូវបានប្រារព្ធនៅទូទាំងប្រទេស។
សកម្មភាពប្រមូលសំណល់ប្លាស្ទិក និងសំរាមចេញពីទន្លេ។