អន្តរជាតិ៖ ក្នុងអំឡុងបុណ្យជាតិចិន និងពិធីបុណ្យសែនព្រះខែក្នុងឆ្នាំ២០២៥នេះ កងឧទ្ធម្ភាគចក្ររក្សាសន្តិភាពលើកទី ៥ របស់ចិនទៅកាន់តំបន់ Abyei និងកងកម្លាំងរក្សាសន្តិភាពលើកទី ២៣ របស់ចិនទៅកាន់ប្រទេសលីបង់ ទទួលបានការបំពាក់”មេដាយឥស្សរិយយសសន្តិភាព”របស់អង្គការសហប្រជាជាតិ។ មេដាយទាំងនេះបញ្ជាក់ពីការសន្យាយ៉ាងមុតមាំរបស់យោធិនចិនក្នុងការគាំពារសន្តិភាពពិភពលោក និងទំនួលខុសត្រូវរបស់មហាអំណាច ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន CCFR។
កាលពីព្រឹកថ្ងៃទី១ ខែតុលា តាមម៉ោងក្នុងតំបន់ កងកម្លាំងសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei បានប្រគល់ “មេដាយឥស្សរិយយសសន្តិភាព”របស់អង្គការសហប្រជាជាតិ ជូនចំពោះនាយទាហាននិងពលទាហានទាំងអស់នៃកងឧទ្ធម្ភាគចក្ររក្សាសន្តិភាពលើកទី ៥ របស់ចិនទៅកាន់តំបន់ Abyei ព្រមនិងប្រគល់ពានរង្វាន់មេបញ្ជាការនៃកងកម្លាំងសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei ។
សូមបញ្ជាក់ថា ចាប់តាំងពីការដាក់ពង្រាយនៅចុងខែធ្នូឆ្នាំមុនមក កងឧទ្ធម្ភាគចក្ររក្សាសន្តិភាពនេះបានបំពេញបេសកកម្ម ដូចជាការយាមល្បាតតាមអាកាស ការជម្លៀសផ្នែកវេជ្ជសាស្រ្ត ការដឹកជញ្ជូនអ្នកដំណើរនិងទំនិញ និងការផ្តល់ការគាំទ្រផ្នែកភស្តុភារចំពោះប្រតិបត្តិការជាដើម។ គិតរហូតដល់ពេលបច្ចុប្បន្ន បានហោះហើររយៈពេលសរុបជាង ១៩៨០ ម៉ោង ដឹកជញ្ជូនបុគ្គលិកជាង ៩០០០ នាក់ និងទំនិញជាង ៦៥០ តោន ជាមួយនឹងចម្ងាយហោះហើរលើសពី ៣៨ ម៉ឺនគីឡូម៉ែត្រ៕ដោយ៖តារា