ក្នុងមួយឆ្នាំ! កម្ពុជា​ មានតម្រូវការកាហ្វេខ្ទង់១ម៉ឺនតោន​សម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ បើតាមការលើកឡើងរបស់​លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា៖​ ក្នុងមួយឆ្នាំ កម្ពុជាមានតម្រូវការកាហ្វេប្រមាណ១ម៉ឺនតោនសម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ លោកបណ្ឌិត ធន់ វឌ្ឍនា ក៏បានជំរុញឱ្យពង្រីកការដាំដុះក្នុងប្រទេសថែមទៀត ខណៈបច្ចុប្បន្នកម្ពុជានាំចូលកាហ្វេពីក្រៅប្រទេស។

លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ក៏បានលើកឡើងចំពោះការនាំចូលកាហ្វេមកកម្ពុជាមានប្រមាណ១ម៉ឺនតោន/ឆ្នាំ យ៉ាងដូច្នេះ​ថា៖ ជាទំហំដែលកម្ពុជាត្រូវការផ្ទៃដីដាំដុះចំនួន៥ពាន់ហិកតា ដោយទិន្នផលប្រហែល២តោន/ហិកតា។ ដូច្នេះកម្ពុជាគួរតែពង្រីកផ្ទៃដីដាំដុះកាហ្វេយ៉ាងហោចណាស់ពី៥ពាន់ ទៅ១ម៉ឺនហិកតា ដើម្បីធានាតម្រូវក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

ក្នុងបរិបទដែលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ លោកអនុប្រធានព្រឹទ្ធសភា បញ្ជាក់ថា បានផ្តល់ឱកាសដល់កម្ពុជាក្នុងការពង្រឹងសមត្ថភាពផលិតរបស់ខ្លួន ព្រោះបញ្ហានេះ បានធ្វើឱ្យប្រជាជនមាននិន្នាការងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងផុលផុស ហើយការកែច្នៃផលិតផលក្នុងស្រុកក៏កើនឡើងយ៉ាងគំហុក។ លោក ថា នេះជាចំណុចសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។

ការលើកឡើង​បែបនេះ​របស់លោកបណ្ឌិត ធន់ វឌ្ឍនា បានធ្វើឡើងក្នុងពេលដែលជួបប្រជុំជាមួយសមាគមកាហ្វេកម្ពុជា កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។ គោលបំណងនៃកិច្ចប្រជុំនេះ គឺពិភាក្សាការងារ និងសម្របសម្រួលឱ្យសមាគមកាហ្វេកម្ពុជា ដែលមានសមាជិកជាកសិករ ហាងកាហ្វេ គ្រឹស្ថានអប់រំ ជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រុមហ៊ុន នីលីដា និងអង្កការ CAPRED ដើម្បីជំរុញការផលិតនិងការកែច្នៃកាហ្វេក្នុងស្រុកបន្ថែមសម្រាប់ផ្គត់ផ្គង់ទីផ្សារ។
លោកអនុប្រធានព្រឹទ្ធសភារូបនេះ​ បានទឹកចិត្តឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការគ្នាក្នុងការផ្តល់ឥណទានក្នុងកម្រិតអត្រាការប្រាក់សមស្របដល់សហគ្រាសធនតូច និងមធ្យម ក៏ដូចជាសមាជិកសមាគមកាហ្វេកម្ពុជា ដើម្បីជំរុញផលិតកម្មក្នុងស្រុក ជាពិសេសការទទួលបានឥណទានផ្លូវការសម្រាប់ប្រើជាទុនក្នុងការបង្កើតឬពង្រីកអាជីវកម្ម និងលើកទឹកចិត្តឱ្យមានការគាំទ្រផលិតផលខ្មែរបន្ថែមទៀតផងដែរ។

បន្ថែមពីនេះ​ លោកអនុប្រធានព្រឹទ្ធសភា បានជំរុញដល់ក្រុមហ៊ុន នីលីដា ក្នុងផ្គត់ផ្គង់ជីកសិកម្ម ដែលមានគុណភាព និងតម្លៃសមរម្យ ហើយក៏លើកទឹកចិត្តឱ្យ CAPRED សិក្សាស្រាវជ្រាវជួយដល់សហគ្រាសធុនតូច និងមធ្យមលើឧស្សហកម្មកាហ្វេ និងកែច្នៃម្ហូបអាហារ ដូចជាការកែច្នៃទឹកខ្ទិះស្វាយចន្ទី ដែលមានលទ្ធភាពពង្រីកបរិមាណច្រើនក្នុងរយៈពេលខ្លី ជំនួសទឹកគោបានផងដែរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print