ខេត្តកណ្តាល៖ រថយន្តតូចធំរាប់សិបគ្រឿងបានកកស្ទះរាប់ម៉ោងនៅលើស្ពានអ្នកលឿង ដោយសារតែមានរថយន្តបែនដឹកដីមួយគ្រឿងបានក្រឡាប់នៅកណ្ដាល ផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី០៤ តុលា នៅចំណុចគល់ស្ពានអ្នកលឿងត្រើយខាងលិច ស្ថិតនៅក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។
សមត្ថកិច្ចដែលកំពុងជួយសម្រួលចរាចរណ៍នៅលើស្ពានអ្នកលឿងជាកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តបែនដែលក្រឡាប់នេះ ពាក់ស្លាលេខ ភ្នំពេញ 3D 1765 ដឹកខ្សាច់ភ្នំ មកពីភ្នំឈើកាច់ គោលដៅទៅស្រុកលើកដែក ។ តែពេលមកដល់ចំណុចកើតហេតុ រថយន្តបានផ្ទុះបែកកង់ក្រោយផ្នែកខាងឆ្វេង ទើបធ្វើឲ្យរថយន្តក្រឡាប់ដេកនៅកណ្ដាលផ្លូវតែម្ដង។
គ្រោះថ្នាក់ចរាចរណ៍នេះ ពុំបានបណ្ដាលឲ្យអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់នោះទេ ប៉ុន្តែអ្នកបើកបររថយន្តបែនខាងលើបានរងរបួសស្រាល ។ ក្រោយពីកើតហេតុភ្លាម សមត្ថកិច្ចនគរបាលស្រុកលើកដែកបានចុះមកជួយអន្តរាគមន៍សម្រួលចរាចរណ៍ភ្លាមៗ ។
តែទោះជាបែបនេះក្តី ដោយសារតែរថយន្តឆ្លងកាត់លើស្ពានអ្នកលឿងនេះច្រើនពេក ហើយរថយន្តដែលក្រឡាប់យកចេញពីលើស្ពានមិនងាយបាន ទើបធ្វើឱ្យរថយន្តតូចធំ ត្រូវកកស្ទះបន្តកន្ទុយគ្នារាប់គីឡូម៉ែត្រក្នុងរយៈពេលជាច្រើនម៉ោង ហើយគិតត្រឹមម៉ោង១១ជាងថ្ងៃត្រង់ថ្ងៃដដែលនេះ ការកកស្ទះនៅលើស្ពានអ្នកលឿងនៅមិនទាន់បានធូរស្រាលនៅឡើយទេ៕