សារព័ត៌មាន AFP លោកស្រី Sanae Takaichi បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចក្នុងប្រទេសជប៉ុន។ តាមរយៈជ័យជម្នះនេះបានធ្វើឱ្យលោកស្រីក្លាយជាប្រធានបក្ស LDP ជាស្ត្រីដំបូងបំផុត ហើយក៏នឹងត្រួសត្រាយផ្លូវឱ្យលោកស្រីឆ្ពោះទៅរកដំណែងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុនផងដែរ។
លោកស្រី Sanae Takaichi មានអាយុ ៦៤ឆ្នាំ និងជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្ស LDP ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្សនៅថ្ងៃសៅរ៍ ទី៤ ខែតុលានេះ ដោយ លោកស្រីបានយកឈ្នះលើគូប្រជែងរបស់លោកស្រី គឺលោក Shinjiro Koizumi។ តាមលទ្ធផលបោះឆ្នោត លោកស្រី Takaichi ទទួលបានគាំទ្រ ១៨៥សំឡេង ខណៈលោក Koizumi ទទួលបានសំឡេង គាំទ្រ១៥៦សំឡេង បន្ទាប់ពីគូប្រជែង៣នាក់ផ្សេងទៀតរបស់អ្នកទាំង២ត្រូវបានជម្រុះក្នុងការបោះឆ្នោតជុំទី១។
គួរបញ្ជាក់ថា ជ័យជម្នះខាងលើត្រូវបានគេរំពឹងថានឹងត្រួសត្រាយផ្លូវឱ្យលោកស្រី Takaichi ក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រជប៉ុន ដែលនឹងត្រូវឡើងកាន់តំណែងជំនួសលោក Shigeru Ishiba ដែលបានប្រកាសលាលែងចេញពីតំណែងកាលពីពេលថ្មីៗនេះ។ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបសជប៉ុនដោយរដ្ឋសភា គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលាខាងមុខ។
លោកស្រី Sanae Takaichi កើតនៅថ្ងៃទី៧ ខែមីនា ឆ្នាំ១៩៦១ ក្នុងខេត្ត Nara ប្រទេសជប៉ុន។ លោកស្រីមានឪពុកជាបុគ្គលិកក្រុមហ៊ុនមួយ និងមានម្ដាយបម្រើការនៅឯប៉ុស្តិ៍ប៉ូលិសក្នុងខេត្ត Nara។ លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច មកពីសាកលវិទ្យាល័យ Kobe ហើយលោកស្រីក៏ជាអតីតនិស្សិតមកពីវិទ្យាស្ថាន Matsushita Institute of Government and Management ដែល ជាកន្លែងផលិតអ្នកនយោបាយល្បីៗក្នុងប្រទេសជប៉ុន។ នៅឆ្នាំ១៩៨៧ លោកស្រីបានបម្រើការងារនៅក្នុងការិយាល័យរបស់សមាជិកតំណាងរាស្ត្រអាមេរិកជាស្ត្រីម្នាក់ និងរហូតដល់ឆ្នាំ១៩៩៣ ទើបលោកស្រីជាប់ឆ្នោតជា តំណាងរាស្ត្រជប៉ុនជាលើកដំបូង និងបន្តជាប់ឆ្នោតដល់ទៅ៩ដង។ ក្នុងគណៈរដ្ឋមន្ត្រីអាណត្តិទី១របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ លោកស្រី Takaichi ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីទទួលបន្ទុកលើខេត្ត Okinawa និងកិច្ចការដែនដីភាគខាងជើង ព្រមទាំងជាអនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕
រូបថត: Nikkei