ខេត្តប៉ៃលិន៖ រហូតមកដល់ពេលនេះគេនៅសង្កេតឃើញថាមានប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី ជាច្រើននាក់ បានយក ចបកាប់ចបជីក និងដែកស្បែង ទៅអង្គុយ ជីកដីច្រកការុង ដោយអ្នកខ្លះដឹកតាមម៉ូតូ និងខ្លះទៀតដឹកតាមរថយន្តយកទៅរែង ក្នុងអូរ ។ សកម្មភាពដ៏គគ្រឹកគគ្រេងនេះ បានធ្វើឡើងនៅក្នុងភូមិថ្នល់កែង ឃុំអូរ អណ្តូង ស្រុកសាលាក្រៅ ។
បើតាមសម្តីប្រជាពលរដ្ឋឈ្មោះ ឈន គា អាយុ៣២ឆ្នាំ រស់នៅភូមិអូរបេង ឃុំស្ទឹង កាច់ និងឈ្មោះ ថេន ជួប ភេទប្រុស រស់ នៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ បានរៀបរាប់ ឱ្យដឹងថា ដោយសារតែការដាំពោត និង ដំឡូងមី ក្រៀមស្វិតពេញចម្ការ ព្រោះគ្មាន ទឹកភ្លៀងគ្រប់គ្រាន់ ក៏ស្រាប់តែលេចឮថាមានប្រជាពលរដ្ឋដើររើសបានត្បូងនៅតាមដីចម្ការក្បែរនោះ ទើបពួកគាត់នាំគ្នាសម្រុក ទៅទិញដីពីម្ចាស់កម្មសិទ្ធិជីករែងយករ៉ែត្បូង បើគិតទៅគឺមានរយៈពេលជាង១០ថ្ងៃមកហើយ ដោយទិញក្នុង១ម៉ែត្រការ៉េតម្លៃ ២០ដុល្លារ ។
ប្រភពដដែលបន្តថា កាលពីបីបួនថ្ងៃ មុនមានអ្នកខ្លះជីកបានរ៉ែត្បូងធំ ត្រូវប៉ាន់លក់បានប្រាក់៣ពាន់ដុល្លារ និងខ្លះទៀត លក់បានរហូតដល់៦ទៅ៧ម៉ឺនដុល្លារឯណោះ ទើបល្បីតៗគ្នាពីភូមិមួយទៅភូមិមួយតែម្តង ។
ជាមួយគ្នានេះបើតាមម្ចាស់ដីម្នាក់ឈ្មោះ ប៉ាល់ ភួន ភេទស្រី អាយុ៦៨ឆ្នាំ បាននិយាយ ថា ដោយសារតែគាត់ជំពាក់បំណុលធនា គារ គ្មានអ្វីសង លុះមានប្រជាពលរដ្ឋមកសុំទិញដីជីករែងរករ៉ែត្បូងក៏អនុញ្ញាតតែ ម្តងទៅ ។
ម្ចាស់ដីបន្ថែមទៀតថា តាំងពីប្រជាពលរដ្ឋចុះទៅជីកដីរែងរកត្បូង គេឃើញមានអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យដែរ តែ មិនបានហាមឃាត់ឡើយ ព្រោះការជីក ដីរែងរករ៉ែត្បូងនេះ ជាលក្ខណៈទ្រង់ទ្រាយ តូចប៉ុ,ណ្ណោះ។
ចំពោះឈ្មួញទិញត្បូងម្នាក់ហៅកុងស៊ី មិនបញ្ចេញឈ្មោះបានរៀបរាប់ឱ្យដឹងថា ត្បូងនៅកន្លែងដីខាងលើ បើសិនជាប៉ះចំល្អ មិនមានការប្រេះស្រាំឬបែកគឺអាចលក់ បានថ្លៃចាប់ពីរាប់ពាន់ដុល្លារ រហូតដល់រាប់ ម៉ឺនដុល្លារឯណោះ ។ កាលពីប៉ុន្មានថ្ងៃមុនមានមន្ត្រីនគរបាលម្នាក់ បាននាំប្រពន្ធកូនទៅជីកប៉ះចំ១គ្រាប់ធំលក់បានប្រហែល ៧ទៅ៨ម៉ឺនដុល្លារដែរ ។
ចំណែកបុរសម្នាក់ឈ្មោះ គង់ ណន ជាអធិការរងស្រុកសាលាក្រៅ ក៏ជីកបាន ១គ្រាប់ធំដែរតែដោយសារបែកប្រេះស្រាំច្រើនពេក ទើបលក់បានតែជាង៣ពាន់ ដុល្លារប៉ុណ្ណោះ ៕
ដោយ៖ ហេង នរិន្ទ្រ