ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចអះអាងថា ជាម្នាស់អន្ទាក់កែច្នៃប្រើប្រាស់ចរន្តអគ្គិសនីឆក់ស្លាប់ នៅគ្រាដែលកំពុងធ្វើសកម្មភាព នៅចំណុចចម្ការដំឡូងមីមួយកន្លែង នេះបើតាមការបញ្ជាក់នៃស្រុកវាលវែង នាព្រឹកថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នេះ
សមត្ថកិច្ចស្រុកវាលវែងឲ្យដឹងទៀតថា ករណីនេះបានកើតឡើង នៅចំណុចដូននាគ ខាងជើងលោកតាគ្រី ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះ(ស្លាប់)ឈ្មោះ អាំង អេងឡាយ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ ។
ប្រភពដដែលបញ្ជាក់ថា បន្ទាប់សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះពិនិត្យ ស្រាវជ្រាវជុំវិញកន្លែងកើតហេតុ អាចសន្និដ្ឋានបានថា ជនរងគ្រោះ(អាំង អេងឡាយ)អាចពិតជាស្លាប់ដោយសារ ប៉ះទង្គិចនឹងវត្ថុដែលមានចរន្ដអគ្គីសនីឆ្លងកាតតង់ស្យុងខ្ពស់(ឧបករណ៍កែច្នៃឆក់សត្វ)ពិតប្រាកដ ។ ជនរងគ្រោះអាចជាម្ចាស់អន្ទាក់ផ្ទាល់ ព្រោះនៅជាប់ខ្លួនសពមានការុងដាក់ខ្សែសួស ជាវត្ថុរួមផ្សំ ។
ប្រភពបញ្ជាក់បន្ថែមថា បន្ទាប់សមត្ថកិច្ចសហការពិនិត្យយ៉ាងយកចិត្តទុកដាក់រួច បានធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារ ដើម្បីចាត់ចែងតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន