ការប៉ុនប៉ងរំសាយអាវុធបរមាណូរបស់កូរ៉េខាងជើង ពិតជាពិបាកខ្លាំងណាស់ដោយសារតែ មេដឹកនាំកូរ៉េខាងជើងបានយល់យ៉ាងច្បាស់ថា ប្រសិនបើប្រទេសទន់ខ្សោយ មិនមានអាវុធទំនើបការពារខ្លួននោះ ប្រាកដជារងការវាយប្រហារឈ្លានពានជាក់ជាមិនខាន។
ទោះបីជាយ៉ាងណាក៏ដោយប្រទេសកូរ៉េខាងត្បូង បានខិតខំដើម្បីជំរុញរំសាយអាវុធ នុយក្លែអ៊ែរ របស់កូរ៉េខាងជើង។ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៧ ខែតុលា បានផ្សាយថា រដ្ឋមន្រ្តីការបរទេសនៃប្រទេសកូរ៉េខាងត្បូង បាននិយាយថា រូបលោកសង្ឃឹមថា ទំនាក់ទំនងរវាងកូរ៉េខាងជើងនិងចិន អភិវឌ្ឍទៅមុខក្នុងលក្ខណៈមួយ ដែលអាចចូលរួមចំណែកចំពោះការរំសាយអាវុធនុយក្លេអ៊ែរ ក៏ដូចជាសុខសន្តិភាព នៅឧបទ្វីបកូរ៉េ។
ប្រមុខការទូតកូរ៉េខាងត្បូង លោក Cho Hyun បានបន្ថែមទៀតថា លោកនឹងបន្តធ្វើការទាក់ទងជាមួយចិន លើបញ្ហានានាដែលពាក់ព័ន្ធនឹងឧបទ្វីបកូរ៉េ។ បើតាមក្រសួងការបរទេសកូរ៉េខាងត្បូង ការលើកឡើងដូចខាងលើរបស់លោក Cho គឺអំឡុងពេលលោកបានជួបសន្ទនាតាមទូរសព្ទ ជាមួយសមភាគីចិន លោក Wang Yi នាថ្ងៃអង្គារនេះ។
ថ្លែងនៅអង្គការសហប្រជាជាតិ ចុងខែកញ្ញាកន្លងទៅនេះ កូរ៉េខាងជើង បានប្រកាសថា ខ្លួននឹងមិនបោះបង់ចោលដាច់ខាត នូវកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយបានចាត់ទុកការអំពាវនាវចង់ឱ្យខ្លួនធ្វើបែបនោះ គឺស្មើនឹងការទាមទារឱ្យប្រទេសកូរ៉េខាងជើង បោះបង់ចោលអធិបតេយ្យនិងសិទ្ធិរស់រានមានជីវិតយ៉ាងដូច្នោះ៕
រូបថត: tuoitre