ភ្នំពេញ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី ដឹកនាំដោយ លោក Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្ត្រីនៃទីស្ដីការអភិបាល នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ តំណាងឯកឧត្តម Tan Sri Dr. Abang Zohari Tun Openg អភិបាល នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់។
លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជានេះ ជាឱកាសមួយដែលគណៈប្រតិភូអាចស្វែងយល់បានច្រើន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បើកចំហរជើងមេឃស្វាគមន៍រាល់វិនិយោគិនម៉ាឡេស៉ី។ លោកក៏បានលើកឡើងអំពីសក្ដានុពលរបស់កម្ពុជា ពិសេសវិស័យកសិកម្ម តែកម្ពុជាមានបញ្ហានៅត្រង់កខ្វះខាតធនធានមនុស្ស និងបច្ចេកទេស ដូច្នេះហើយនេះជាឱកាសរបស់វិនិយោគិនម៉ាឡេស៉ី។
លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងនាមតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាថ្មីម្ដងទៀត បានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៉ី ពិសេសលោក Anwar Ibrahim ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់កម្ពុជា-ថៃ។
ក្នុងឱកាសនោះ លោក Datuk Dr. Abdul Rahman Junaidi បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា គឺដើម្បីស្វែងរកឱកាសលើវិស័យពាណិជ្ជកម្ម វិនិយោគទុន ជាពិសេសលើវិស័យ ថាមពល (ឧស្ម័ន) និងកសិកម្ម, តភ្ជាប់កំពង់ផែ ផ្នែកសេដ្ឋកិច្ចដ៏ទៃទៀត និងម៉ាឡេស៊ី និងកម្ពុជាមានភាពស្រដៀងគ្នាច្រើន ដែលបង្កលក្ខណៈងាយស្រួលក្នុងការសហការគ្នាទៅវិញទៅមក។ លើសពីនេះ លោកបានបង្ហាញគម្រោងពង្រីកសាខា ធនាគារ AFFIN Bank នៅប្រទេសកម្ពុជា និងពង្រីកជើងហោះហើរត្រង់ពីរដ្ឋសារ៉ាវ៉ាក់ ជាមួយ Air Borneo នៅប្រទេសកម្ពុជា នាឆ្នាំក្រោយ កំឡុងពាក់កណ្តាល ឬឆមាសទី៣ ឆ្នាំ២០២៦។
ប្រធានគណៈប្រតិភូ បានជម្រាបជូនលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រីដែរថា ក្នុងអំឡុងពេលមកដល់ប្រទេសកម្ពុជា លោកបានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នចំនួន៤ រួមមាន ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម, ក្រសួងរ៉ែ និងថាមពល និងក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ ដើម្បីស្វែងរកឱកាស និងស្វែងយល់អំពីសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា។
លោកសន្ដិបណ្ឌិត នេត សាវឿន ក៏បានថ្លែងអំណរគុណដល់អនុរដ្ឋមន្ត្រី ចំពោះការអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ហើយឯកឧត្តមសន្តិបណ្ឌិត នឹងពិនិត្យមើលកាលវិភាគជាក់ស្ដែងតាមក្រោយទៀត៕ដោយ៖តារា