ថៃប្រើច្បាប់ព្រៃឈើជាខែល តាមយុទ្ធសាស្ត្រ “Salami-slicing strategy”ក្នុងការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេលចុងក្រោយនេះ ការរាយបន្លាលួស និងការបណ្តេញប្រជាពលរដ្ឋស៊ីវិលកម្ពុជាឲ្យចាកចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលស្ថិតនៅតំបន់មិនទាន់បានដោះស្រាយកំណត់ព្រំដែនចប់សព្វគ្រប់រវាងប្រទេសទាំងពីរកម្ពុជា-ថៃ តាមបណ្តោយព្រំដែនក្នុងខេត្តបន្ទាយមានជ័យរបស់កម្ពុជាបានបង្កឲ្យមានការភ្ញាក់ផ្អើលនិងល្បីសុះសាយនិងបានលឺដល់បណ្តាមេដឹកនាំនៅលើវេទិកាពិភពលោកយ៉ាងខ្ទរខ្ទារ។

រដ្ឋាភិបាលថៃ មិនអាចលាក់បាំងបាននូវល្បិចដ៏អាក្រក់របស់ខ្លួន ត្រូវបានគេមើលឃើញថា ជាត់សាសន៍មួយនេះបាននិងកំពុងយក “ច្បាប់ព្រៃឈើ” និងច្បាប់ការពារបរិស្ថានរបស់ខ្លួនធ្វើជាមូលដ្ឋានច្បាប់ក្នុងការអះអាងថា តំបន់ដែលកំពុងប្រឈមមុខដាក់គ្នាជាទឹកដី ឬជាតំបន់ព្រៃឈើសាធារណៈរបស់ថៃដែលប្រជាពលរដ្ឋកម្ពុជានឹងត្រូវបានបង្ខំឱ្យចាកចេញមិនអាចរស់នៅបានឡើយ។ ប៉ុន្តែជាក់ស្តែង តំបន់នោះស្ថិតនៅក្នុងដែនអធិបតេយ្យស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ស្របតាមផែនទីបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ ខ្នាត១/២០០.០០០ ដែលបានតម្កល់នៅអង្គការសហប្រជាជាតិនិងដែលបានចែងនៅក្នុង MOU ឆ្នាំ២០០០ ដែលមានភាគីថៃខ្លួនឯងជាហត្ថលេខីថែមទៀតផង។

តើថៃបង្កើតច្បាប់ព្រៃឈើនេះមានគោលបំណងអ្វី?

“ច្បាប់ព្រៃឈើថៃ” ត្រូវបានអនុម័តបង្កើតឡើងនៅទសវត្សរ៍ឆ្នាំ ១៩៤០-១៩៥០ ដោយមានគោលបំណងដើមក្នុងការការពារ និងគ្រប់គ្រងធនធានព្រៃឈើជាតិថៃ។ ច្បាប់នេះអនុញ្ញាតឲ្យរដ្ឋាភិបាលថៃអះអាងតំបន់ណាមួយថាជា “សម្បត្តិរបស់រដ្ឋ” ប្រសិនបើតំបន់នោះមានលក្ខណៈជាព្រៃឈើ ឬតំបន់ធម្មជាតិដែលមិនទាន់អភិវឌ្ឍ។

ប៉ុន្តែដោយសារតែការមានមហិច្ឆិតាលោភលន់និងចង់ពង្រីកទឹកដី និងដោយយល់ឃើញថាបណ្តាប្រទេសមួយចំនួននៅជិតខាងខ្លួន ដូចជាកម្ពុជាជាដើមជាប្រទេសតូចៗ មានសេដ្ឋកិច្ចនៅទន់ខ្សោយនិងមានប្រជាជនតិច ក៏ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មកថៃបានបែកគំនិតបង្វែច្បាប់ព្រៃឈើនេះទៅជាឧបករណ៍មួយសម្រាប់បំរើឲ្យយុទ្ធសាស្ត្រនយោបាយ និងយុទ្ធសាស្ត្រពង្រីកព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងជាពិសេសគំនិតវាតទីនេះ បាននិងកំពុងធ្វើជាមួយប្រទេសកម្ពុជា និងឡាវ ។ យុទ្ធសាស្ត្រនេះថៃអនុវត្តបានផលខ្លះៗរួចមកទៅលើប្រទេសឡាវ នោះគឺយុទ្ធសាស្ត្រ “Salami-slicing strategy” ដែលជាយុទ្ធកាត់យកបន្តិចម្តងៗជាប្រចាំ និងប្រើរយៈពេលយូរនិងមិនឲ្យមានការប្រតិកម្មខ្លាំងពីប្រទេសជិតខាង។

ថៃថែមទាំងប្រើច្បាប់ព្រៃឈើនេះ ជាខែលនយោបាយវាតទីលើទឹកដីជម្លោះជាមួយប្រទេសជិតខាងខ្លួនដោយបានប្រើច្បាប់នេះដើម្បីអះអាងថា តំបន់ដែលកសិករខ្មែរបានកំពុងរស់នៅ ឬធ្វើស្រែចម្ការនោះ ជាតំបន់ព្រៃឈើថៃ ហើយប្រជាពលរដ្ឋខ្មែរទាំងនោះត្រូវបានគេចាត់ចូលជា “អ្នករំលោភព្រៃឈើរបស់រដ្ឋថៃ”។

ក្នុងគោលបំណងបិទបាំងនិងការប៉ុនប៉ងរំលោភជាក់ស្តែងដោយស្ងៀមស្ងាត់ បើទោះបីនៅតំបន់នោះ ថៃមិនមានឯកសារផ្លូវច្បាប់រឹងមាំច្បាស់លាស់ណាមួយដែលអាចយកមកបញ្ជាក់ប្រាប់អន្តរជាតិបានថាជាទឹកដីស្ថិតនៅក្នុងអធិបតេយ្យរបស់ខ្លួនក៏ដោយ ប៉ុន្តែដោយអំពើឈ្លានពាន ថៃក៏បានលើកយកច្បាប់ព្រៃឈើនេះយកមកធ្វើជាសំអាងតែម្តងទៅ និងដើម្បីធ្វើការបណ្តេញប្រជាពលរដ្ឋស៊ីវិលកម្ពុជា ឬបង្កើតតំបន់ទ្រនាប់ Buffer Zone ក្នុងដែនគ្រប់គ្រងរបស់ខ្លួនតាម “យុទ្ធសាស្ត្រកាត់យកទឹកដីបន្តិចម្តងៗ” “Salami-slicing strategy” ដោយជាដំបូងគេប្រើការរំកិលផែននៅលើក្រដាស់ដោយសំអាងលើទីខ្នាត់១/៥០ .០០០ បន្ទាប់ទៀតគេចាប់ផ្តើមរំកិលផែនទីលើទឹកដីជាក់ស្តែងឲ្យត្រូវតាមផែនទីរបស់គេ ដើម្បីពង្រីកទឹកដីជាប់ព្រំដែនឲ្យទៅជាផ្នែកមួយក្នុងទឹកដីថៃពិតប្រាកដ។ បន្ទាប់មកថៃចាប់បង្ខំកម្ពុជាឲ្យទទួលស្គាល់យកស្ថានភាពព្រំដែនថ្មីដែលខ្លួនបានគូសវាសដោយឯកតោភាគីនោះ តាមការទាមទារបស់ខ្លួនដោយដាក់សម្ពាធខាងផ្នែកយោធា ព្រោះភាគីថៃបានយល់ច្បាស់ថា ក្រោយបទឈប់បាញ់ចូលជាធរមានមកកម្ពុជាបានគោរពនិងប្រកាន់យកយ៉ាងម៉ត់ចត់ មិនប្រើអាវុធទប់ទល់ទេ ព្រោះកម្ពុជាចង់បានសន្តិភាព និងចង់បញ្ចប់សង្គ្រាម ។ ទោះបីដឹងថានោះជាទង្វើឈ្លានពានកម្ពុជាក៏ដោយ។

តើការអនុវត្តនៅភូមិជោគជ័យ និងភូមិព្រៃចាន់របស់កម្ពុជានេះជាវិធីសាស្ត្រនៃការអនុវត្តយុទ្ធសាស្ត្រ “Salami-slicing strategy” ដែរឬទេ?|

ភូមិទាំងពីរនេះស្ថិតនៅក្នុងទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា ស្របតាមអនុសញ្ញានិងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ ក៏ដោយនិងភូមិទាំងនោះប្រជាពលរដ្ឋស៊ីវិលកម្ពុជាបានរស់នៅនិងគ្រប់គ្រងតំបន់នោះ និងមានសញ្ជាតិកម្ពុជាស្របតាមច្បាប់របស់ប្រទេសកម្ពុជា។ ប៉ុន្តែថៃបែរបានចាប់ផ្តើមយកច្បាប់ព្រៃឈើនេះមកអះអាងថា តំបន់នោះស្ថិតក្នុងតំបន់ព្រៃអភិរក្សរបស់ខេត្តស្រះកែវនោះទៅវិញ។ តាមពិតទៅតំបន់នៅតាមបណ្តោយព្រំដែនដែលមិនទាន់បានវាស់វែងរវាងប្រទេសទាំងពីរនេះទាំងកម្ពុជានិងថៃ បានដឹងច្បាស់ណាស់ថាក្នុងទឹកដីកម្ពុជាក៏មានកន្លែងខ្លះប្រជាជនថៃបានកំពុងរស់នៅដោយរំលោភចូលមកក្នុងទឹកដីកម្ពុជាដែរ តែកម្ពុជាមិនទាន់បាននិយាយនិងប្តឹងតវ៉ានៅឡើយទេ ព្រោះរង់ចាំគណកម្មការកិច្ចការព្រំដែនធ្វើការងារវាស់វែងចប់សព្វគ្រប់ជាមុនសិន ពេលនោះទើបយើងនិងធ្វើការចរចាគ្នារកវិធីដោះស្រាយនោះទើបជាវិធីសាស្ត្រល្អដែលកម្ពុជាកំពុងប្រកាន់យក និងជាប្រទេសស៊ីវីល័យដែលអន្តរជាតិគោរពនិងកោតសរសើរ មិនមែនធ្វើតាមតែការនឹកឃើញរបស់យោធាដោយខ្វះវីជ្ជាជីវៈ ដោយបង្គាប់ឲ្យអាជ្ញាធរចូលមកវាស់ស្ទង់ដី និងដាក់សញ្ញាព្រមានបណ្តេញប្រជាពលរដ្ឋឲ្យចាកចេញពីភូមិកររបស់ប្រជាពលរដ្ឋកម្ពុជាតាមបែបទង្វើអមនុស្សធ៌មដូច្នេះនោះទេ។

ជាក់ស្តែងណាស់ វិធីដដែលដែលថៃបានអនុវត្តនៅតាមតំបន់ជាច្រើនដែលមានព្រំដែនជាប់ជាមួយខ្លួន ដែលយកវិធី “យុទ្ធសាស្ត្រកាត់យកទឹកដីបន្តិចម្តងៗ” នេះ ដោយមិនប្រើកម្លាំងយោធាដោយផ្ទាល់ទេ ប៉ុន្តែប្រើអំណាចច្បាប់ក្នុងប្រទេសរបស់ខ្លួនក្នុងការបង្កើតការឈ្លានពានតាមរយៈបំលែងស្ថានភាពការពិត ដែលនេះជាវិធីសាស្ត្រស្មោគគ្រោគបំផុតដែលថៃកំពុងធ្វើកន្លងមក។

និយាយជារួម ច្បាប់ព្រៃឈើរបស់ថៃនេះ គឺមិនមែនជាច្បាប់ពិតប្រាដកសម្រាប់ការការពារបរិស្ថាននោះទេ ប៉ុន្តែច្បាប់នេះកំពុងតែត្រូវបានគេបិទបាំងបំភ្លៃដោយយកមកធ្វើជាឡប់ឡែឲ្យក្លាយទៅជាឧបករណ៍នយោបាយសម្រាប់ប្រជាប្រិយភាព ការពង្រីកអំណាច និងការពង្រីកទឹកដីឈ្លានពានកម្ពុជាតេប៉ុណ្ណោះ។ ច្បាប់ព្រៃឈើរបស់ប្រទេសថៃនេះគេអាចហៅម្យ៉ាងទៀតថា ”ច្បាប់ឈ្លានពានកម្ពុជា”។ ដូចជាករណីនៅភូមិជោគជ័យ និងភូមិព្រៃចាន់ គឺជាឧទាហរណ៍ជាក់ស្តែងនិងច្បាស់លាស់មិនអាចប្រកែកបាន ព្រោះពួកឈ្លានពានថៃកំពុងប្រើជាវិធីសាស្ត្រនេះប៉ុនប៉ងកែប្រែនិងផ្លាស់ប្តូរខ្សែបន្ទាន់ព្រំដែនប្រវត្តិសាស្ត្រផ្លូវការរបស់កម្ពុជាឲ្យទៅតាមរបៀបប្រទេសដែលមិនស៊ីវិល័យ វាតទីនិយម ដូចជំនាន់មនុស្សបុព្វកាល ដែលមិនមានច្បាប់ទំលាប់ របៀបជាក្រុមសង្គមមនុស្សព្រៃយកមកប្រើ ។ វិធីនេះគួរត្រូវបានសហគមន៏អន្តរជាតិស្អប់ខ្ពើមនិងថ្កោលទោសឲ្យបានធ្ងន់ធ្ងរបំផុត។

ប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយ កម្ពុជាបានត្រៀមខ្លួនកំដរក្នុងនាមជាអ្នកការពារសិទ្ធិលើទឹកដីកំណើតរបស់ខ្លួន និងស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ដោយយកឧបករណ៍ច្បាប់អន្តរជាតិ និងការទូតយ៉ាងឆ្លាតវៃ មកធ្វើជាឧបករណ៏សម្រាប់ទប់ទល់ជាមួយ “ច្បាប់ព្រៃឈើថៃ” ដ៏ពុតត្បុតដែលបង្កប់ទៅដោយ “យុទ្ធសាស្ត្រកាត់យកទឹកដីបន្តិចម្តងៗ” “Salami-slicing strategy” របៀបវាតទីបែបចក្រព័ទ្ធនិយមនេះឲ្យខានតែបានដាច់ខាត ៕

...

ដោយ៖ ពិន វិជ័យ (អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ) (PRU)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print