នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ រដ្ឋសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍សម្ដែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងថ្កោលទោសយ៉ាងដាច់អហង្ការ ទង្វើទុយ៌ស អសីលធម៌ ថោកទាប គ្មានតម្លៃជាមនុស្សរបស់ជនជាតិថៃមួយចំនួនដែលបានវាយប្រហារមកលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនកម្ពុជាមួយចំនួនទៀតនាពេលថ្មីៗនេះ។
យោងតាមខ្លឹមសារដដែលបានឱ្យដឹងបន្ថែមថា អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្ដីថ្លៃថ្នូរបស់មនុស្សជាតិ គុណតម្លៃនៃស្មារតីមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងសន្តិសហវិជ្ជមានរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្នុងនាមជាអ្នកជិតខាង និងជាសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិ។ រដ្ឋសភាកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់ ជារដ្ឋបុរស មានភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ គុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ សម្រាប់មនុស្សជាតិ តាមរយៈការដោះស្រាយបញ្ហាដោយស្មារតីបង្រួបបង្រួម យោគយល់ និងអធ្យាស្រ័យខ្ពស់ ចំពោះគ្រប់ជាតិសាសន៍ទាំងអស់។
ទន្ទឹមនោះផងដែរ ទោះបីជាសម្តេចតេជោ ទទួលរងនូវការប្រមាថដោយចេតនានិងគ្មានសីលធម៌បែបនេះក្តី សម្តេចតេជោ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ឆ្លើយតបដោយភាពថ្លៃថ្នូ ប្រកាន់ខ្ជាប់ស្មារតីឯកភាពជាតិ និងការអត់ធ្មត់ខ្ពស់ ហើយបន្តលើកកម្ពស់ការពង្រឹងអធិបតេយ្យសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិតាមរយៈការប្រើប្រាស់រូបិយវត្ថុជាតិ និងការកសាងភាពធន់នៃសេដ្ឋកិច្ច ដោយកាត់បន្ថយការពឹងផ្អែកពីខាងក្រៅ។ រដ្ឋសភាកម្ពុជាបានពិនិត្យឃើញថា អំពើអសីលធម៌ និងការប្រមាថមកលើថ្នាក់ដឹកនាំកម្ពុជាពីសំណាក់ជនទុជ៌សថមួយចំនួននេះបានបន្តប្រព្រឹត្តឡើងដោយចំហរ ដោយគ្មានវិធានការ និងចំណាត់ការអ្វីទាំងអស់ រដ្ឋសភាកម្ពុជាសូមគូសបញ្ជាក់អំពីទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលថៃ ក្នុងការចាត់វិធានការបញ្ឈប់ និងទប់ស្កាត់ជាបន្ទាន់នូវទង្វើអសីលធម៌ទាំងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាប្រទេសមួយមានអរិយធម៌ និងភាពថ្លៃថ្នូរ៕