ភ្នំពេញ៖ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប មានសេចក្តីសោកស្តាយ និងហួសចិត្តជាពន់ពេក និងសូមប្រកាស ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួន ដែលបានយករូបថតរបស់ ឥស្សរជនជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាដូចជារូបថត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាឥស្សរជនកម្ពុជាជាច្រើនរូប ទៀត ដោយបានធ្វើសកម្មភាពមិនគប្បីជាសាធារណៈយករូបថតទៅធ្វើជាផ្ទាំងស៊ីបបាញ់ប្រហារ ដើម្បីចាប់យក រង្វាន់ និងយកទៅដាក់តាំងធ្វើជារូបទីងមោង ដែលជាការប្រមាថដ៏ធ្ងន់ធ្ងរជាសាធារណៈ។
ទង្វើបែបនេះ សបញ្ជាក់ពីការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ប្រកបដោយកង្វះ សីលធម៌ និងការគោរពគ្នាទៅវិញទៅមកក្នុងនាមជាប្រជាជាតិនិងប្រជាជាតិ ហើយក៏បានធ្វើឱ្យប៉ះពាល់ទៅដល់ ស្មារតីនៃភាពជាអ្នកជិតខាងល្អ និងជាមិត្តល្អ ដែលជាគោលការណ៍គ្រឹះក្នុងទំនាក់ទំនងរវាងកម្ពុជានិងថៃ ក៏ដូចជា ក្នុងនាមសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិផងដែរ។
ក្នុងហេតុផលនៃភាពពាលោដ៏គួរឱ្យអាម៉ាស់របស់ជនជាតិថៃមួយចំនួននេះ យើងខ្ញុំទាំងអស់គ្នាសូមវាយ តម្លៃខ្ពស់ចំពោះប្រសាសន៍ឆ្លើយតបដោយភាពអត់ធ្មត់ ឈ្លាសវៃ និងថ្លៃថ្នូររបស់ សម្តេចតេជោ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដែលអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ជៀសវាងធ្វើទង្វើសងសឹងទៅវិញ ដែលប្រាសចាកនូវសេចក្តីថ្លៃថ្នូរដែលប្រជាជនកម្ពុជាធ្លាប់មានក្នុងនាមជាជនជាតិដែលមានអារ្យធម៌ខ្ពង់ខ្ពស់ ប្រកប ដោយសីលធម៌ល្អប្រពៃ ដែលជាកត្តានាំមកនូវភាពសុខដុមរមនានៅក្នុងប្រទេស និងនៅក្នុងតំបន់។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការប្រព្រឹត្តអំពើប្រមាថ បែបនេះដោយសេរីនៅក្នុងប្រទេសថៃដោយចំហ និងគ្មានវិធានការអ្វីទាំងអស់ពីថ្នាក់ដឹកនាំថៃ។
ទោះជាយ៉ាងណា ថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវសីលធម៌ សេចក្តីថ្លៃថ្នូរ ការស្រឡាញ់សន្តិភាព ការដោះស្រាយ បញ្ហាដោយសន្តិវិធី និងចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងចង់ រស់នៅដោយសុខដុមរមនាជាមួយប្រទេសជិតខាង និងបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោក៕ដោយ៖តារា