ខេត្តកំពង់ចាម÷ នគរបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន ស្ដីពីករណីបុរសម្នាក់ បង្ហោះសារស្នើសុំជំនួយពីសមត្ថកិច្ចតាមបណ្ដាញសង្គមហ្វេសប៊ុក និងមានការផ្សព្វផ្សាយចែករំលែកព័ត៌មានថា ជាករណីប្លន់ តែជាលទ្ធផលតាមការស្រាវជ្រាវ បានឱ្យដឹងថាជាករណីហិង្សា ពុំមែនជាករណីប្លន់នោះឡើយ ដូចមានខ្លឹមសារ ក្នុងសេចក្តីប្រកាសព័ត៌មាន ខាងក្រោមនេះ:
ករណីបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដោយបុរសម្នាក់ ដើម្បីស្វែងរកជំនួយពីសមត្ថកិច្ច ។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅវេលាម៉ោង ១០:១៨នាទី យប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចទទួលបានព័ត៌មានស្វែង រកជំនួយ ពីបុរសម្នាក់ជាអ្នករត់តាក់ស៊ី ថាជនសង្ស័យបានធ្វើអំពើហិង្សាមកលើខ្លួន ដោយប្រើប្រាស់កាំបិតចុងស្រួចចាក់ឲ្យរងរបួស ។
ក្រោយទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានស្វែងរក នឹងប្រទះឃើញរថយន្តរបស់ជនរងគ្រោះ ម៉ាកព្រូស នៅចំណុចភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ចំណែកជនរងគ្រោះ ត្រូវក្រុមគ្រួសារយកទៅព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
តាមការសាកសួរព្រូឡាន ដែលធ្វើដំណើរជាមួយគ្នាបានឲ្យដឹងថា មូលហេតុ ឈានដល់ប្រព្រឹត្តអំពើហិង្សា គឺបណ្តាលមកពីការប៉ះទង្គិចពាក្យសម្តី ក្នុងការតថ្លៃតម្លៃមិនត្រូវគ្នា ដោយសារដំបូង ជនសង្ស័យ បាននិយាយឲ្យជនរងគ្រោះជូនដល់ខេត្តកំពង់ចាមក្នុងតម្លៃ ១០$ លុះធ្វើដំណើរ ដល់ចំណុចស្ពាន ស្ទឹងប្រយោល ក្នុងស្រុកព្រៃឈរ ជនសង្ស័យបានឲ្យជនរងគ្រោះជូនទៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំវិញ ក៏កើតការ ប៉ះសម្តីគ្នា ហើយជនសង្ស័យក៏ធ្វើសកម្មភាពដកកូនកាំបិតចាក់តែម្តង ។ តាមការពិនិត្យនៅលើរថយន្ត ឃើញថា ពុំមានបាត់បង់អ្វីនោះឡើយ ដូចនេះសមត្ថកិច្ចសន្និដ្ឋានថា ជាករណីហិង្សា ពុំមែនជាករណីប្លន់នោះទេ ។
បន្ទាប់មក កម្លាំងសមត្ថកិច្ចយើងបើកកិច្ចប្រតិបត្តិការ ស្វែងរក និងឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ហើយបាននាំខ្លួនមកសាកសួរបំភ្លឺនៅអធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពដូចខាងលើពិតប្រាកដមែន ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បាននឹងកំពុងចងក្រងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលា ដំបូងខេត្ត៕