ភំ្នពេញ៖ ដោយមានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមព័ត៌មានទាន់ហេតុការណ៍ជាមួយជនបរទេស តំណាង លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៥ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ជាមួយជនបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំរាជធានីភំ្នពេញ ទីស្តីការក្រសួងមហាផ្ទៃ ។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំសេនាធិការដ្ឋាន ប្រធាននាយកដ្ឋាន ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត តំណាងបណ្តាស្ថានទូត ស្ថានកុងស៊ុល និងអង្គការអន្តរជាតិប្រចាំកម្ពុជា ដោយផ្តោតសំខាន់ទៅលើការពិភាក្សាផ្តល់ធាតុចូលលើការងារស្នូល ការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកព័ត៌មានអំពីសភាពការណ៍ និងស្ថានភាពរបស់ជនបរទេសដែលកំពុងមានវត្តមានស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។
បន្ទាប់ពីចប់កិច្ចប្រជុំជាមួយជនបរទេស លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ក៏បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយ ថ្នាក់ដឹកនាំសេនាធិការដ្ឋាន ប្រធាននាយកដ្ឋាន ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តដែលបានអញ្ជើញចូលរួម ដើម្បីដាក់ទិសដៅបន្ត៕
ដោយ៖តារា