នគរបាលស្រុកកោះញែកបង្រ្កាបបានជនសង្ស័យជួញដូរគ្រឿងញៀន រួមទាំងអាវុធខ្លីកែច្នៃ

ចែករំលែក៖

ខេត្តមណ្ឌលគិរី÷ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់អគ្គស្នងការនគរបាលជាតិ មន្រ្តីជំនាញស្នងការដ្ឋាននគបាលខេត្ត មណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាប គ្រឿងញៀនក្នុងមូលដ្ឋាន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងគ្រឿងញៀនមួយចំនួន និងអាវុធខ្លីកែច្នៃបាញ់គ្រាប់ពិតមួយដើមនៅស្រុកកោះញែក។ ការឃាត់ ខ្លួននេះធ្វើឡើងនៅចំណុចផ្លូវលំ អូរអាធុយ ក្នុងភូមិកោះម្យើល ឃុំណងឃីលិក ស្រុកកោះញែក។

លោក អ៊េង ហាក់គ័ង អធិការនគបាលស្រុកកោះញែក ឱ្យដឹងនៅថ្ងៃទី១០តុលានេះថា ការបង្ក្រាបនេះគឺដើម្បីសម្អាតបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន ធានាសន្តិ សុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងការរស់នៅ។ លោកបន្តថា ការឃាត់នេះមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងខេត្តមណ្ឌលគិរី កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក សហការជាមួយការិយាល័យប្រឆាំងគ្រឿង ញៀនស្នងការខេត្តមណ្ឌលគិរី បានចុះបង្រ្កាបចាប់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ផល្លា ពេជារា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ​រស់នៅ ភូមិកែងសាន់ ឃុំសមុទ្រសេដា ស្រុកលំផាត់ ខេត្តរតនគិរី បានធ្វើតេស្តក្នុងទឹកម៉ូត្ររកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។

ការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក)ចំនួន ៩កញ្ចប់ ក្នុងនោះមាន៦កញ្ចប់តូច និង៣កញ្ចប់ធំល្មម អាវុធខ្លីកែច្នៃបាញ់គ្រាប់ពិត ចំនួន១ ដើម, គ្រាប់រំសេវ ចំនួន៤គ្រាប់ ប្រភេទម៉ាកណឹម, ដាវចំនួន១ដើម, ទូរស័ព្ទដៃម៉ាក vivo ពណ៌ស្លែ ចំនួន ១ គ្រឿង, ម៉ូតូឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខស្វាយរៀង 1G.5673 ចំនួន ១គ្រឿង។

លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀនដោយខុសច្បាប់នេះបច្ចុប្បន្នជនសង្ស័យខាងលើ​​ ត្រូវបានកម្លាំងជំនាញនៃអធិការ ដ្ឋាននគរបាលស្រុកកោះញែក កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញនៃស្នងការនគបាលខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់។

...

ជាមួយគ្នានេះ លោកអធិការស្រុកកោះញែក ក៏បានក្រើនរំឭកទៅដល់យុវជនក៏ដូចជាប្រជាពលរដ្ឋមេត្តាចៀសឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ព្រោះវាអាចជះឥទ្ធិពលធ្ងន់ធ្ងរដល់ប្រព័ន្ធសរសៃប្រសាទរបស់មនុស្សក៏ដូចជាប៉ះពាល់ដល់គ្រួសារ សហគមន៍ និងសង្គមជាតិ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print