ក្តីសង្ឃឹមរបស់ប្រទេសស៊ុយអែតក្នុងវគ្គជម្រុះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ បានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីចាញ់ស្វីសក្នុងទីក្រុង Stockholm ។
ខ្សែបម្រើ Granit Xhaka របស់ Sunderland បានជួយឱ្យក្រុមភ្ញៀវនាំមុខមុនពីបាល់ប៉េណាល់ទីនៅនាទីទី ៦៥ ហើយ ខ្សែបម្រើ Johan Manzambi របស់ Freiburg បានស៊ុតបញ្ចូលទីបានជោគជ័យនៅនាទីទី ៤ នៃម៉ោងបន្ថែមមុនចប់ការប្រកួត។
ខ្សែប្រយុទ្ធ Viktor Gyokeres របស់ Arsenal និងខ្សែប្រយុទ្ធ Alexander Isak របស់ Liverpool បានប្រឹងប្រែងវាយសម្រុកសម្រាប់ក្រុមម្ចាស់ផ្ទះតែខកខានមិនបានស៊ុតបញ្ចូលទីនោះទេ ខណៈអ្នកគាំទ្រមួយចំនួនស្រែកឱ្យអ្នកចាត់ការក្រុមជម្រើសជាតិស៊ុយអែតJon Dahl Tomasson អតីតអ្នកដឹកនាំក្រុមBlackburn Roversលាលែងពីតំណែង។
ការបរាជ័យនេះបានធ្វើឱ្យស៊ុយអែតធ្លាក់ទៅបាតតារាងនៃពូល B ដោយមានមួយពិន្ទុពីការប្រកួតបីលើក ដែលតាមពីក្រោយប្រទេសស្វីសចំនួនប្រាំបីពិន្ទុក្នុងចំណាត់ថ្នាក់កំពូល។ ក្រុមលេខ២ កូសូវ៉ូ កាន់កាប់កន្លែងប្រកួតវគ្គ Play-off មាន៤ពិន្ទុ ហើយទៅជួបស៊ុយអែតក្នុងវគ្គជម្រុះបន្ទាប់របស់ពួកគេនៅថ្ងៃចន្ទ ទី១៣ ខែតុលា។
បន្ទាប់ពីបានឈានដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី ប្រទេសស៊ុយអែតបានបរាជ័យមិនបានទៅលេងក្នុងការប្រកួតជម្រុះសម្រាប់ឆ្នាំ 2022 នៅប្រទេសកាតាទេ៕