សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ ៨០នាក់ ភាគច្រើនជាជនបរទេស ក្នុងប្រតិបត្តិការបង្រ្កាបអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា

ចែករំលែក៖

ភ្នំពេញ÷គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី11 ខែតុលា ឆ្នាំ2025 វេលាម៉ោង16:00នាទី បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំង01កន្លែង ស្ថិតនៅចំណុចអគារMORGAN ជាន់ទី34 ផ្លូវកោះពេជ្រ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយមានការស្រាវជ្រាវសង្ស័យថាមាន ការលួចលាក់ប្រព្រឹត្តការឆបោកអនឡាញ ដែលជាអំពើល្មើសច្បាប់។ ពេលបានចុះដល់ទៅតាំងខាងលើ សមត្ថកិច្ចបានពិនិត្យឃើញមានមនុស្ស កំពុងបម្រើការងារនៅទីនោះ ចំនួន ៨០នាក់ មានស្រ្តី ១៥នាក់ មកពី ០៧សញ្ជាតិ។

ក្នុងចំណោមមនុស្សទាំង ៨០នាក់ ដែលត្រូវបានឃាត់ ខ្លួនទាំងនោះ មានជនជាតិចិន ៥៧នាក់, នេប៉ាល់ ០២ នាក់, ម៉ាឡេស៊ី ០៥នាក់, វៀតណាម ០២, មីយ៉ាន់ម៉ា ០៩នាក់ និងស្រ្តីជនជាតិខ្មែរ ០៥នាក់។

ប្រតិប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន ម៉ូនីទ័រ ២០៤គ្រឿង, ធុងCPU ១២៨ គ្រឿង, និងកុំព្យូទ័រយួរដៃ ០៣គ្រឿង។ បច្ចុប្បន្ន សមត្ថកិច្ចខណ្ឌចំការមនកំពុងសហការជាមួយ មន្ត្រីជំនាញនៃការិយាល័យ ប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យរកអ្នកជាប់ពាក់ព័ន្ធ ក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងទៀត។

 

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ 

ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំង ឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print