ខេត្តត្បូងឃ្មុំ÷ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥វេលាម៉ោង១៧និង៣៥នាទីកម្លាំងប្រចាំការរបស់នាយកដ្ឋានព្រហ្មទណ្ឌ នៅខេត្តត្បូងឃ្មុំ បានទទួលព័ត៌មានថា មានករណីចាប់មនុស្សដាក់ក្នុងរថយន្ត ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2CF.1922 នៅត្រង់ចំណុចកន្លែង ប៉ះកង់ឡាន ស្ថិតភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីទទួលព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្ដមសេនីយ៍ទោ ស៊ិន រដ្ឋា បានដឹកនាំកម្លាំងជំនាញខេត្តត្បូងឃ្មុំ បើកការស្រាវជ្រាវ និងសហការជាមួយខេត្តបាត់ដំបង-បន្ទាយមានជ័យ រហូតឈានឃាត់រថយន្តខាងលើ នៅវេលាម៉ោង23និង 17នាទី ថ្ងៃខែឆ្នាំដដែល តាមបណ្ដោយផ្លូវជាតិលេខ 56A ស្ថិតក្នុងឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងជួយសង្គ្រោះបានជនរងគ្រោះឈ្មោះ Chen Noeuysin ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ឃាត់ ខ្លួនជនសង្ស័យចំនួន០៤នាក់។
ទី១៖ឈ្មោះ ចយ សាទី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ គោករការ ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (អ្នកបើកបរ)
ទី២៖ឈ្មោះ ធី ចិត្ត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទួលប្រាសាទ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ទី៣៖ឈ្មោះ រ៉ម សិរីវ័ន្ត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ ព្រៃកុប សង្កាត់ផ្សារអូឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ទី៤៖ឈ្មោះ ឆុន សុភិន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ដកហូតរថយន្ត០១គ្រឿង ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2CF-1922។
បច្ចុប្បន្នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានប្រគល់ជនសង្ស័យខាងលើទៅស្នងការរដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជាម្ចាស់ករណីដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕