ខេត្តកំពង់ធំ : គម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៃក្រសួងកសិកម្ម ចុះកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងចំនួន ៣២៥០០ដុល្លារ ដល់បងប្អូនកសិករអ្នកចិញ្ចឹមជ្រូក៣៨គ្រួសារ មកពីសហគមន៍កសិកម្មចំណារលើរីកចម្រើន ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានសមាជិកភាគច្រើនជាស្ត្រី សម្រាប់គាំទ្រជាទុនបដិភាគដល់ការទិញឧបករណ៍សម្ភារៈផលិតកម្មកូនជ្រូក និងជ្រូកសាច់ ដូចជា៖ សម្ភារៈសាងសង់ទ្រុងជ្រូក ម៉ាសុីនវ៉ៃកន្ទក់ ម៉ូទ័រហាន់ដើមចេក ម៉ូទ័របូមទឹក សម្ភារៈដាក់ចំណីជ្រូក និងមេ-បាជ្រូក។ នេះជាការបញ្ជាក់ពី លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបន្តថា, តាមរយៈផែនការពង្រឹងសមត្ថភាពផលិតកម្មនិងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ដែលគាំទ្រដោយគម្រោងCASDP សហគមន៍គ្រោងនឹងផលិតកូនជ្រូកយ៉ាងតិច២០០០ក្បាល និងជ្រូកសាច់ជិត៧០០០ក្បាល ក្នុងរយៈពេល៣ឆ្នាំខាងមុខ។ សហគមន៍ក៏គ្រោងនឹងប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើបក្នុងពេលអនាគត ដោយសិក្សាពិនិត្យលទ្ធភាពទិញធាតុចូលរួមគ្នា ផលិតពូជកូនជ្រូករួមគ្នាដើម្បីផ្គត់ផ្គង់ដល់សមាជិកយកទៅចិញ្ចឹម និងចុះកិច្ចសន្យាតភ្ជាប់ទីផ្សារទុកជាមុនផងដែរ៕
ដោយ : សិលា