ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកម្មករនិយោជិតទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តច្បាប់ស្តីពីការងារឱ្យបានជ្រាបថា ដើម្បីបង្ការហានិភ័យដែល អាចកើតមានឡើងជាយថាហេតុដោយសារគ្រោះជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រ ដែលមានសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកន្លែងស្នាក់នៅរបស់កម្មករនិយោជិត ក្រសួងសូមធ្វើការណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកម្មករនិយោជិតទាំងអស់ ត្រូវពង្រឹងការអនុវត្តនូវវិធានការសុវត្ថិភាព និងសុខភាពការងារដូចខាងក្រោម៖
*ក-ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ
១- តាមដានស្ថានភាពទឹកជំនន់ជាប្រចាំនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។
២- បង្កើតក្រុមការងារទទួលបន្ទុក និងរៀបចំបណ្តាញទំនាក់ទំនងឱ្យបានច្បាស់លាស់ ព្រមទាំង ត្រៀមផែនការជួយសង្គ្រោះ មធ្យោបាយការពារ និងជម្លៀសកម្មករនិយោជិត ក្នុងករណីមាន ទឹកជំនន់។
៣- ត្រួតពិនិត្យបណ្តាញអគ្គិសនីឱ្យបានត្រឹមត្រូវសមស្របតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាព សម្រាប់បង្ការ និងបញ្ចៀសបញ្ហាជាយថាហេតុណាមួយ។
៤- រៀបចំវិធានការសង្គ្រោះបឋម និងវិធីសាស្ត្រជួយសង្គ្រោះជាអាទិ៍ ក្នុងករណីលង់ទឹក ឆក់ចរន្ត អគ្គិសនី សត្វទិច ចឹក ឬខាំ។
៥- ទុកដាក់វត្ថុធាតុដើម សម្ភារៈសំខាន់ៗ និងសារធាតុគីមីឱ្យបានត្រឹមត្រូវផុតពីទឹក និងមានសុវត្ថិភាព ជាពិសេស់វត្ថុធាតុដើម និងសារធាតុគីមីដែលមានប្រតិកម្មជាមួយទឹក។
៦- រៀបចំដាក់ស្លាកសញ្ញាការហាមឃាត់នៅកន្លែងដែលមានគ្រោះថ្នាក់ ទឹកជន់លិច ឬហូរខ្លាំង។
៧- ត្រៀមស្បៀងអាហារ ទឹកស្អាតសម្រាប់បរិភោគ និងថ្នាំសង្កូវឱ្យបានគ្រប់គ្រាន់អំឡុងពេលរង់ចាំ ក្រុមជួយសង្គ្រោះទៅដល់ ក្នុងករណីកម្មករនិយោជិតជាប់គាំងក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ នៅពេលមានទឹកជំនន់។
៨- អប់រំ ណែនាំ និងផ្សព្វផ្សាយដល់កម្មករនិយោជិតអំពីវិធានការសុវត្ថិភាព និងសុខភាពការងារ ដើម្បីការពារសុវត្ថិភាពកម្មករនិយោជិតនៅពេលមានទឹកជំនន់កើតឡើង។
៩- ត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធសុវត្ថិភាពផ្សេងៗ សម្អាតបរិវេណសហគ្រាស ក្រុមហ៊ុន រោងចក្រ និងធ្វើអនាម័យបង្គន់ឡើងវិញ មុននឹងចាប់ផ្តើមដំណើរការច្រវាក់ផលិតកម្ម ឬសកម្មភាព អាជីវកម្មឡើងវិញ។
១០- អនុវត្តឱ្យបានហ្មត់ចត់តាមវិធានការរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការនានារបស់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសហការឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានការណែនាំ ជាក់ស្តែង។
*ខ-កម្មករនិយោជិត
១- បង្កើនការប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្ទាល់ខ្លួនជាអាទិ៍ លង់ទឹក ឆក់ចរន្តអគ្គិសនី សត្វទិច ចឹក ឬខាំ។
២- ផ្តល់ព័ត៌មានអំពីស្ថានភាពសុវត្ថិភាព និងសុខភាពការងាររបស់ខ្លួនទៅកាន់និយោជកជាប្រចាំ ក្នុងអំឡុងពេលឈប់សម្រាកដោយសារគ្រោះទឹកជំនន់។
៣- អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់និយោជក និងអាជ្ញាធរពាក់ព័ន្ធ។
៤- អនុវត្តឱ្យបានហ្មត់ចត់តាមវិធានការរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការនានារបស់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសហការឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានការណែនាំ ជាក់ស្តែង។
ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកម្មករនិយោជិត អាចទាក់ទងមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ស្ទែន QR Code ខាងក្រោម ដើម្បីអធិការការងារចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះសុវត្ថិភាពកម្មករនិយោជិត ក្នុងអំឡុងពេលមានទឹកជំនន់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកម្មករនិយោជិតទាំងអស់នឹងអនុវត្តតាមខ្លឹមសារសេចក្តីណែនាំនេះប្រកបដោយប្រសិទ្ធភាព៕ដោយ៖តារា