លោកអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តសិស្សជាប់ និងធ្លាក់បាក់ឌុបនៅព្រៃវែង បន្តចាប់យកក្ដីស្រមៃលើវិថីសិក្សាច្រើនជម្រើសទៀត

ចែករំលែក៖

ខេត្តព្រៃវែង ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ មិនថាសិស្សដែលជាប់និទ្ទេសA និងមិនជាប់និទ្ទេសA និងសិស្សដែលប្រឡងធ្លាក់ផងនោះ ត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជ្រើសរើសជំនាញណាមួយឱ្យច្បាស់លាស់ដែលត្រូវនឹងទេពកោសល្យ និងឧបនិស្ស័យរបស់ខ្លួន។

លោកអភិសន្តិបណ្ឌិត បានជំរុញណែនាំយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនវគ្គបំប៉ន និងសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន ១៥៤នាក់ ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ 

បើតាមលោកអភិសន្តិបណ្ឌិត លទ្ធផលនៃការប្រឡងកន្លងមកនេះ និងតទៅមុខទៀតក្ដី ទោះបីជាប់ ឬធ្លាក់គឺមិនទាន់បានកំណត់នូវជោគវាសនាឬអនាគតរបស់ខ្លួនបានឡើយ ប្រសិនបើមិនមានការព្យាយាម តស៊ូបង្កើនសមត្ថភាពក្រេបយកចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍខ្លួន និងសមស្របទៅតាមទីផ្សារការងារដែលកំពុងត្រូវការនាពេលបច្ចុប្បន្ន។ 

ក្នុងឱកាសនោះដែរ លោកអភិសន្តិបណ្ឌិត ក៏បានឆ្លៀតថ្លែងអំណរគុណភាគីពាក់ព័ន្ធដែលបានចូលរួមពង្រឹងគុណភាពអប់រំនៅខេត្តព្រៃវែង ជាពិសេសការបង្រៀនបំប៉នពីសំណាក់លោកគ្រូ អ្នកគ្រូស័្មគ្រចិត្ត ដែលទទួលបានការគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងការជំរុញបន្ថែមពីឪពុកម្ដាយ អាណាព្យាបាល និងការស័្វយសិក្សាស្រាវជ្រាវដោយខ្លួនឯងរបស់សិស្សានុសិស្ស។ 

លោកអភិសន្តិបណ្ឌិត បានមានប្រសាសន៍ទៀតថា ផ្លែផ្កានៃការអប់រំបណ្ដុះបណ្ដាលដល់សិស្សគ្រប់កម្រិត ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ព្រមទាំងការចាប់យកមុខជំនាញផ្សេងៗរបស់សិស្សនិស្សិត រួមទាំងសិស្សមិនជាប់បាក់ឌុប គឺជាក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល ទាំងនីតិកាលមុនៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ និងបន្តមកដល់បច្ចុប្បន្ន គឺយុទ្ធសាស្ត្របញ្ចកោណ។ 

លោកបន្តមានប្រសាសន៍ទៀតថា ក្រោមការចូលរួមរបស់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង អាជ្ញាធរពាក់ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បាននិងកំពុងខិតខំបំពេញការងារប្រកបស្មារតីដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការផ្ដល់សេវាអប់រំ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈគ្រប់ប្រភេទ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា។ 

សូមបញ្ជាក់ថា សិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ នៅទូទាំងខេត្តព្រៃវែង មានចំនួនសរុប ៧.៨៩៩នាក់ ស្មើនឹង ៨៦.៦១% ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួន ១៥៤នាក់ សិស្សទទួលបាននិទ្ទេស B ចំនួន ៦៧៦នាក់ សិស្សនិទ្ទេស C ចំនួន ១.៨៦៨នាក់ សិស្សនិទ្ទេស D ចំនួន ២.៩១២ នាក់ និងសិស្សនិទ្ទេស E មានចំនួន ២.៣៣៣នាក់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់នូវការឧបត្ថម្ភលើកទឹកចិត្តដល់សិស្សានុសិស្សជាប់និទ្ទេស A ចំនួន ១៥៤នាក់ ក្នុងម្នាក់ទទួលបានម៉ូតូ ចំនួន ១គ្រឿង និងថវិកាមួយចំនួន ព្រមទាំងផ្ដល់ជូនថវិកាជូននាយកសាលា និងលោកគ្រូ អ្នកគ្រូបង្រៀនស្ម័គ្រចិត្តថ្នាក់ទី១២ (គ្រូបំប៉ន) ទាំង ២៣១នាក់ផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print