ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចាប់ផ្តើមដោយសារ”អបអរសាទរ ខួប២១ឆ្នាំកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)១៣ តុលា ២០០៤ – ១៣ តុលា ២០២៥”។ កម្ពុជាបានក្លាយជាសមាជិកទី១៤៨នៃWTOនសមាជិកចំនួន ១៦៦ ប្រទេស។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងព័ត៌មាន ។
លើសពីនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសារអបអរចំពោះ ព្រឹត្តិការណ៍នេះដែរ។
សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តីដដែលនេះដែរក្នុងពិធី «អបអរសាទរខួប ២០ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា ក្នុងអង្គការពាណិជ្ជកម្មពិភពលោក»នៅថ្ងៃទី១៤តុលាឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវសេចក្តីស្ញប់ស្ញែងនៅពេលឃើញផលិតផលដែលដាក់លក់នៅក្រៅប្រទេស ហើយដាក់ អក្សរថា «Made in Cambodia»។ ទន្ទឹមនេះសម្តេចបវរធិបតី បានជំរុញការខិតខំប្រឹងប្រែងទាំងបច្ចេកវិទ្យាជាដើម ដើម្បីពង្រឹងសមត្ថភាពក្នុងការនាំចេញទំនិញទៅក្រៅប្រទេស។ស្របគ្នានេះដែរ សម្តេចបវរធិបតីបានលើកបញ្ជាក់ថា កម្ពុជាកំពុងត្រៀមលក្ខណៈ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ខាងមុខ។
ត្រឡប់ទៅកាលពី២១ឆ្នាំមុននេះ កម្ពុជាបានដាក់ពាក្យស្នើសុំចូល ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក( WTO) នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៩៤។តមកនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ក្រុមការងារចូលជា សមាជិកអង្គការ WTO របស់កម្ពុជាត្រូវបានបង្កើតឡើង។ថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៩៩ អនុស្សរណៈស្តីពីគោលនយោបាយ ពាណិជ្ជកម្មរបស់កម្ពុជា បានផ្ញើជូនទៅលេខាធិការដ្ឋានអង្គការ WTO។នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ កម្ពុជាបានក្លាយជា សមាជិកអង្គការ WTO ជាផ្លូវការ។
សូមជម្រាបថា បន្ទាប់ពីបានក្លាយជាសមាជិកអង្គការ WTO កម្ពុជា បានធ្វើការត្រួតពិនិត្យឡើងវិញ គោលនយោបាយពាណិជ្ជកម្មរបស់ ខ្លួនបានចំនួន ២លើកប្រកបដោយជោគជ័យ គឺលើកទី១ ធ្វើនៅ ថ្ងៃទី១-៣ ខែវិច្ឆិកា ឆ្នាំ២០១១ និងលើកទី២ នៅថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្របតាមកាតព្វកិច្ច។
កម្ពុជាត្រូវបានជ្រើសរើសជាប្រធានក្រុមសម្របសម្រួល នៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច កាលពីដើមឆ្នាំ២០១៧ ដល់ដើមឆ្នាំ២០១៨។
ការក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនេះ កម្ពុជា ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនមានដូចជា ជួយពង្រឹង គោលនយោបាយ និងស្ថាប័នក្នុងស្រុក តាមរយៈកំណែ ទម្រង់ លិខិតបទដ្ឋាន ច្បាប់ និងកម្មវិធីការងារ ក្រោយពីក្លាយ ជាសមាជិក អង្គការ WTO បង្កើតបានជាបរិយាកាសទាក់ទាញវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងបានពង្រីកបានទីផ្សារនាំចេញ ទៅកាន់ ទីផ្សារសំខាន់ៗ ជាច្រើន។
កម្ពុជាបានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្របតាមការប្តេជ្ញាចិត្តជាមួយ WTO ដូចជា ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ច្បាប់ស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់វិនិយោគថ្មីជាដើម។ កម្ពុជា ក៏បានធ្វើពិពិធកម្មទីផ្សារនាំចេញ ពីសំលៀកបំពាក់ និងវាយនភ័ណ្ឌ ទៅជាគ្រឿងអេឡិចត្រូនិក ស្រូវ អង្ករ កៅស៊ូ គ្រាប់ស្វាយចន្ទី ចេក បន្ទះសូឡា និងកង់។ លើសពីនេះ កម្ពុជាទទួលបានជំនួយបច្ចេកទេស និងការកសាងសមត្ថភាពពី WTO និងអង្គការអន្តរជាតិ ដើម្បីពង្រឹងគោលនយោបាយពាណិជ្ជកម្ម និងស្ថាប័ន។ ក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាទទួលបានប្រព្រឹត្តិកម្ម ពិសេស និងដោយឡែក ដែលផ្តល់ភាពបត់បែនបន្ថែមក្នុងការអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្ម។
សមាជិកភាពអង្គការ WTO បានអនុញ្ញាតឱ្យកម្ពុជា ចូលរួមនៅក្នុង ការពិភាក្សាគោលនយោបាយពាណិជ្ជកម្មសកល និងការចរចានានា ដែលបានផ្តល់ឱ្យកម្ពុជា នូវសំឡេងមួយក្នុងការរៀបចំវិធានពាណិជ្ជ កម្មអន្តរជាតិ ដែលធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច៕