ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំនានានៅកម្ពុជាផងដែរ។ សម្ដេចតេជោបានចាត់ទុកវត្តមានរបស់លោក
និងសហការីនាពេលនេះ ជាផ្នែកដ៏សំខាន់ក្នុងការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី ឲ្យកាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត ។
នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមនាឱកាសនេះ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីនាពេលបច្ចុប្បន្ន មានភាពរឹងមាំ ហើយទំនាក់ទំនងនេះ មិនមែនត្រឹមតែទំនាក់ទំនងការទូត ឬក៏នយោបាយទេ ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ ក៏មានភាពរឹងមាំផងដែរ។ លោកក៏បានលើកឡើងមួយចំនួនទៅកាន់សម្ដេចតេជោពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យអាហារហាឡាល់នៅកម្ពុជា ដោយឯកឧត្តមចង់ជំរុញឲ្យវិស័យនេះកើតចេញជារូបរាង និងមានភាពរីកចម្រើននៅកម្ពុជា ហើយលោកសង្ឃឹមថា នឹងមានគណៈកម្មការមួយ ដើម្បីសិក្សានិងធ្វើទៅលើកិច្ចការងារ និងជំរុញទៅដល់វិស័យអាហារហាឡាល់នៅកម្ពុជា ។
លោកក៏បានរំលេចអំពីការពង្រីកនូវទំនាក់ទំនង ផ្នែកទេសចរណ៍ ដែលឧត្តម ចង់ជំរុញឲ្យវិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ីកាន់តែរីកចម្រើន ហើយម៉ាឡេស៊ី ក៏បានត្រៀមខ្លួនក្នុងការទទួលនូវទេសចរណ៍កម្ពុជា ជាពិសេសគឺទេសចរណ៍ផ្នែកសុខាភិបាលដែលទៅទទួលសេវាពិនិត្យសុខភាពនៅក្នុងប្រទេសម៉ាឡេស៊ី។ លោកបានជម្រាបជូនសម្ដេចតេជោថា ម៉ាឡេស៊ី នឹងពិនិត្យមើលជាក់ស្ដែងដើម្បីធ្វើយ៉ាងណាអាចមានលទ្ធភាពក្នុងការបង្កើតមន្ទីរពេទ្យម៉ាឡេស៊ីនៅកម្ពុជា ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ចំពោះការពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ឲ្យកាន់តែរីកចម្រើន។ សម្ដេចតេជោ បានកត់សម្គាល់ថា ដើម្បីឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរដើរទៅស្របគ្នាទាំងសេដ្ឋកិច្ច និងនយោបាយ ការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ រវាងប្រទេសទាំងពីរត្រូវតែធ្វើយ៉ាងណា ឲ្យមានភាពរីកចម្រើនដូចគ្នាដែរ។
សម្ដេចតេជោ ក៏បានកត់សម្គាល់ដែរថា ពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី មានការកើនឡើង ប៉ុន្តែសម្ដេចចង់ជំរុញឲ្យរដ្ឋាភិបាលប្រទេសទាំងពីរធ្វើយ៉ាងណា ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានការកើនឡើងបន្ថែមទៀត ។
សម្ដេចតេជោ ក៏បានអរគុណម៉ាឡេស៊ី ដែលកន្លងមកបានជួយទិញអង្ករពីកម្ពុជា ដោយម៉ាឡេស៊ី គឺជាប្រទេសទី១ ដែលនាំអង្ករពីកម្ពុជាច្រើនជាងគេ រហូតដល់ទៅ ៧ម៉ឺនតោនកាលឆ្នាំ២០២៤ ហើយសម្ដេចសង្ឃឹមថា ម៉ាឡេស៊ីនឹងជួយទិញផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ។
ទាក់ទងទៅនឹងទេសចរណ៍សុខាភិបាល សម្ដេចតេជោ បានឯកភាពទៅនឹងការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហើយសម្ដេចតេជោ បានផ្ដល់យោបល់ថា ម៉ាឡេស៊ី គួរតែបង្កើតមជ្ឈមណ្ឌលផ្ដល់ព័ត៌មានមួយពីការផ្ដល់សេវាសុខាភិបាលនៅកម្ពុជាអំពីការទៅព្យាបាលនៅប្រទេសម៉ាឡេស៊ីដែលជាផ្នែកមួយឲ្យប្រជាពលរដ្ឋចង់ទៅព្យាបាលនៅម៉ាឡេស៊ីអាចស្វែងយល់បន្ថែមទៀតនៅក្នុងការសិក្សា ក៏ដូចជា ស្វែងរកជម្រើសក្នុងការទៅព្យាបាលនៅប្រទេសម៉ាឡេស៊ី។ ទាក់ទងនឹងវិស័យអាហារហាឡាល់ សម្ដេចតេជោបានលើកឡើងផងដែរថា នេះជាបញ្ហាមួយដែលបានលើកឡើងយូរមកហើយ ដោយសម្ដេចសង្ឃឹមថា នឹងលេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ ដែលប្រទេសទាំងពីរអាចធ្វើបានក្នុងកិច្ចសហការជាមួយគ្នា។
ទាក់ទងទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ សម្ដេចតេជោ បានពន្យល់ទៅកាន់ លោក ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីស្ថានភាពនៃបញ្ហាព្រំដែន រួមទាំងបច្ចុប្បន្នភាពទាក់ទងទៅនឹងការចាក់សំឡេងខ្មោច ឬក៏សំឡេងផ្សេងៗទៀត ពីភាគីថៃ រំខានដល់ពលរដ្ឋកម្ពុជានៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ជាដើម ដែលបានកើតឡើងរយៈពេលប្រមាណ ៤យប់មកហើយ។ សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមពីស្ថានភាពទូទៅនៃបញ្ហាព្រំដែន ដែលជាកង្វល់និងជាបញ្ហាមួយផុយស្រួយខ្លាំងណាស់ក្នុងការប៉ះទង្គិចគ្នាឡើងវិញ។ ដូច្នេះហើយ សម្ដេចតេជោ ក៏បានបញ្ជាក់ទៅកាន់លោកឧបនាយករដ្ឋមន្ត្រីថា អ្វីដែលកម្ពុជាចង់បានគឺមិនត្រូវការឲ្យប្រទេសណាមួយ សម្ព័ន្ធមិត្ត ឬក៏មិត្តរបស់កម្ពុជាទៅថ្កោលទោសប្រទេសណាទេ ប៉ុន្តែអ្វីដែលកម្ពុជាចង់បានគឺការធ្វើយ៉ាងណាជំរុញឲ្យភាគីទាំងពីរគោរពបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងការស្វែងរកដំណោះស្រាយ ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងកម្ពុជា និងថៃឡើងវិញ។
សម្ដេចតេជោ មិនភ្លេចអរគុណចំពោះលោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមចំណែកដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ ។ សម្ដេចតេជោបានបង្ហាញនូវការគោរព ចំពោះតួនាទីស្នូលរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលមានសារៈសំខាន់ណាស់ ក្នុងការធ្វើយ៉ាងណា ទាំងការធានាបទឈប់បាញ់ និងការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ ក្នុងឋានៈឯកឧត្តមជាប្រធានអាស៊ាន។ សម្ដេចតេជោបានផ្ដាំផ្ញើនូវការនឹករលឹក និងអរគុណយ៉ាងក្រៃលែង ចំពោះការចូលរួមចំណែកយ៉ាងសកម្មពីភាគីម៉ាឡេស៊ី ។
ជាចុងក្រោយ សម្ដេចតេជោ ក៏បានលើកឡើងពីបញ្ហាមីយ៉ាន់ម៉ា,ទីម័រឡេស្ដេ ដែលម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន ក៏សម្រួលជួយក្នុងការឲ្យទីម័រឡេស្ដេចូលជាសមាជិកអាស៊ានពេញសិទ្ធិក្នុងពេលខ្លីខាងមុខនេះផងដែរ។ សម្ដេចតេជោបានជូនពរឲ្យគណៈប្រតិភូទាំងអស់ ឲ្យបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕
ដោយ ៖ សិលា