ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ខឹងសង្សារយករថយន្តទៅដឹកស្រីចូលក្លិបមិនរវីរវល់ទៅមើលខ្លួនឈឺនៅមន្ទីរពេទ្យក៏បានធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែត្រូវបានប្រជាពលរដ្ឋឃាត់ទាន់។
ការប៉ុនប៉ងធ្វើអត្តឃាតនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៥ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៥នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
នារីរូបនោះពុំបានប្រាប់ឲ្យស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង ២០ឆ្នាំ។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរូបនោះបានធ្វើដំណើរឡើងទៅលើស្ពានហើយតោងបង្កាន់ដៃស្ពានប្រុងលោតទឹកសម្លាប់ខ្លួនតែនាងហាក់ដូចជាពុំដាច់ចិត្ត។ខណៈនោះមានអ្នកដំណើរម្នាក់បានឃើញហើយឃាត់ ក្រោយមកបង្កឲ្យមានការភ្ញាក់ផ្អើលនិងទាក់ទងទៅបុរសជាសង្សារដើម្បីឲ្យមកទទួលនាងត្រឡប់ទៅផ្ទះវិញ។
តាមនារីវ័យក្មេងរូបនោះបានឱ្យដឹងថាមូលហេតុដែលនាងធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនដោយសារតូចចិត្តខ្លួនឯងដែលសង្សារបានយករថយន្តទៅដឹកស្រីចូលក្លិបនិងមិនបានរវីរវល់មកមើលនាងដែលឈឺដេកពេទ្យ។
នារីរូបនោះបានឲ្យដឹងទៀតថា នៅយប់នោះនាងសម្រាកពេទ្យដោយសារតែ លេបថ្នាំងងុយដេកលើសកម្រិត។ខណៈនោះក៏ទទួលដំណឹងថា សង្សារ បានយករថយន្តរបស់ខ្លួនទៅដឹកស្រីចូលក្លិបដោយតូចចិត្តខ្លួនឯងក៏ដោះសេរ៉ូមចេញពីពេទ្យធ្វើដំណើរមកស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្រាប់ខ្លួនតែម្ដង។
នារីរូបនោះបានឲ្យដឹងទៀតថា ខ្លួនបានស្រឡាញ់និងរស់នៅជាមួយសង្សារដូចប្ដីប្រពន្ធរយៈពេល២ឆ្នាំមកហើយ។កន្លងមកសង្សាររបស់នាងធ្លាប់មានស្រីហើយនាងធ្លាប់ចាប់បានដេកជាមួយស្រី។ បន្ទាប់ពីឃាត់សួរនាំអ្នកដំណើរក៏បានទាក់ទងទៅបុរសជាសង្សារមកទទួលហើយនាំនាងត្រឡប់ទៅផ្ទះវិញ៕