ភ្នំពេញ : លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានបង្ហោះលើផឹកផ្លូវការថា, សូម្បីប្រធានគណបក្សប្រជាជន និងគណបក្សយុត្តិធម៌របស់ប្រទេសថៃ ក៏ចេញមកទទួលស្គាល់ ការប្រើប្រាស់សំឡេងរំខាន ជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមណ្តោយព្រំដែនកម្ពុជាថៃ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់ប្រទេសថៃ ដែលការណ៍នេះបានធ្វើឱ្យប្រទេសថៃរងភាពអាម៉ាសលើឆាកអន្តរជាតិ។ នេះគឺបុគ្គលទី៤ និងទី៥ ហើយ បន្ទាប់ពីលោកជំទាវ Angkhana Neelapaijit និងឧត្តមមន្រ្តីនៃការិយាល័យមហាអយ្យការប្រទេសថៃ និងលោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ។
សូមបញ្ជាក់ថា, នៅថ្ងៃនេះ ! គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា យោងតាមកាសែត Khaosod English ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ អំពីការលើកឡើងរបស់ លោក Kannavee Suebsaeng ប្រធានគណបក្សយុត្តិធម៌ និងលោក Natthapong Ruangpanywauth ប្រធានគណបក្សប្រជាជន លើករណីការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និង យាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាការរំលោភសិទ្ធិមនុស្ស និងច្បាប់ អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ សូមគោរពគូសបញ្ជាក់ថា នេះគឺជាបុគ្គលទី៤ និងទី៥ ហើយ បន្ទាប់ពីលោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ និងឧត្តមមន្ត្រីនៃការិយាល័យមហាអយ្យការ លោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ ដោយបានទទួលស្គាល់ថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬ ទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។
គ.ស.ម.ក. សូមដកស្រង់ខ្លឹមសារ ដូចខាងក្រោមនេះ៖
លោក Kavannavee Suebsaeng បានលើកឡើងថា៖ “ការប្រើប្រាស់ធុងបាស់ ក្នុងការបន្លឺសំឡេង ខ្មោច គឺជាការរំលោភសិទ្ធិមនុស្ស និងជាការជាន់ឈ្លីកិត្តិយសមនុស្ស។ ពួកយើងគួរត្រឡប់មកគោរពតាមកិច្ច ព្រមព្រៀងបទឈប់បាញ់ និងប្រើប្រាស់វេទិកាអន្តរជាតិប្រកបដោយដោប្រសិទ្ធភាព។ ខ្ញុំសូមបញ្ជាក់ថា ប្រសិនបើគ្មានរឿងនេះកើតឡើង គឺជាការល្អ។ អ្នកលេងបណ្តាញសង្គម និងយោធា ព្រមទាំងរាជរដ្ឋាភិបាល មិនត្រូវគាំទ្រសកម្មភាពរបៀបនេះឡើយ។”
លោក Natthapong Ruangpanywauth បានព្រមានថា៖ “សកម្មភាពប្រើប្រាស់ធុងបាស់ចាក់ សំឡេងខ្មោច និងយន្តហោះចម្បាំង ទោះបីជាក្នុងគោលបំណងអ្វីក៏ដោយ គឺប៉ះពាល់ដល់ផ្លូវចិត្តរបស់ ប្រជាជនកម្ពុជា រំលោភច្បាប់អន្តរជាតិ និងធ្វើឱ្យខូចមុខមាត់ប្រទេសថៃលើឆាកអន្តរជាតិ។ លោកបាន បញ្ជាក់បន្ថែមថា ដោយតំបន់នោះស្ថិតក្រោមច្បាប់អាជ្ញាសឹក រាជរដ្ឋាភិបាលនិងយោធាត្រូវទទួលខុសត្រូវ ក្នុងការទប់ស្កាត់សកម្មភាព ដែលអាចបង្កើនភាពតានតឹង។”
ដោយ : សិលា