ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរខណ្ឌដង្កោ ធ្វេីការបង្រ្កាបជាក់ស្តែងករណីអំពើ លួច (ម៉ូតូ) កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១០និង១០នាទី ត្រង់ចំណុចមុខផ្ទះលេខF៨៣ ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភ្លុក ផ្លេក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅដីឡូតិ៍គ្មានលេខភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ស្រី សីហា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ជនជាតិខ្មែរ មានទីលំនៅផ្ទះF៨៣ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងករណីនេះ សម្ភារបាត់បង់(គ្មាន) សម្ភារបន្សល់ទុក: ១/ម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IQ-1882 មានលេខតួ និងលេខម៉ាស៊ីន 8209805 ចំនួន០១គ្រឿង ។
សមត្ថកិច្ចបានបញ្ចាក់ឲ្យដឹងថា : កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៩និង៣០នាទី ជនរងគ្រោះឈ្មោះ ស្រី សីហា ភេទប្រុស អាយុ៣៦ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IQ-1882 បានចេញពីផ្ទះលេខF៨៣ ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅទិញបាយហូបនៅក្បែរផ្ទះ ។ ពេលត្រឡប់មកវិញជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះដោយភ្លេចដកកូនសោម៉ូតូចេញពីម៉ូតូ រួចក៏ដើរចូលទៅក្នុងផ្ទះ។ លុះដល់វេលាម៉ោង១០និង១០នាទី ថ្ងៃខែឆ្នាំដដែល ស្រាប់តែមានជនសង្ស័យឈ្មោះ ភ្លុក ផ្លេក ភេទប្រុស អាយុ២៦ឆ្នាំ បានដើរមកធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ហើយជនរងគ្រោះក៏បានក្រឡេកឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចម៉ូតូម៉ាកខាងលើ បម្រុងបញ្ឆេះជិះចេញគេចខ្លួន។ ពេលនោះជនរងគ្រោះក៏បានរត់ចេញពីក្នុងផ្ទះស្រែកឆោឡោថា ចោរៗ ហើយជនសង្ស័យក៏បានផ្តួលម៉ូតូម៉ាកខាងលើ រត់គេចខ្លួន រួចជនរងគ្រោះក៏បានរត់ដេញតាមពីក្រោយជនសង្ស័យនិងស្រែកឆោឡោថាចោរៗ បានចម្ងាយប្រហែល១០០ម៉ែត្រ ក៏ជួបនឹងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដែលកំពុងជិះម៉ូតូល្បាតបានឃើញក៏ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ម៉ូតូចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបខ្លួន(ជនសង្ស័យ) ពិតជាបានដើរមកធ្វើសកម្មភាពលួចម៉ូតូ ម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IQ-1882 របស់ជនរងគ្រោះប្រាកដមែន ។ ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងចំឈ្មោះជនសង្ស័យដើម្បីឲ្យសមត្ថកិច្ចយើងចាត់ការតាមនីតិវិធីច្បាប់តែម្ដង ៕ ដោយ ៖ ភារ៉ា ដង្កោ