ការប្រយុទ្ធគ្នាបានផ្ទុះឡើងម្តងទៀតនៅតាមព្រំដែនរវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ដែលបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ទាំងសងខាង រួមទាំងទាហាន និងជនស៊ីវិលផងដែរ។
សារព័ត៌មាន AFP បានផ្សាយថា យោធាប៉ាគីស្ថានបានអះអាងថា សមាជិកក្រុមតាលីបង់ប្រហែល២០នាក់ ត្រូវបានសម្លាប់នៅអាហ្វហ្កានីស្ថាន អំឡុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងប៉ាគីស្ថាន ខណៈការប្រយុទ្ធគ្នានៅព្រំដែនរវាងប្រទេសជិតខាងទាំងពីរ បន្តដល់សប្តាហ៍ទី២។
យោធាប៉ាគីស្ថាន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមតាលីបង់ដែលបច្ចុប្បន្នគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន បានវាយប្រហារមកលើទីតាំងចំនួន៤របស់ខ្លួន ហើយនៅពេលវាយបកទប់ទល់ការវាយប្រហារនោះ សមាជិកតាលីបង់អាហ្វហ្កានីស្ថានខ្ទង់១៥-២០នាក់ ត្រូវបានសម្លាប់និងជាច្រើននាក់ទៀតរងរបួស ខណៈស្ថានការណ៍កំពុងបន្តវិវត្តនៅឡើយ។ បើតាមយោធាប៉ាគីស្ថាន មិនតែប៉ុណ្ណោះ សមាជិកតាលីបង់ និងអ្នកប្រយុទ្ធដែលមានទំនាក់ទំនងជាមួយតាលីបង់ប្រហែល៣០នាក់ផ្សេងទៀត ក៏ត្រូវសង្ស័យថាបានស្លាប់ដូចគ្នា ក្នុងការប៉ះទង្គិចដាច់ដោយឡែក កាលពីវេលាយប់កន្លងទៅ នៅតំបន់ព្រំប្រទល់។
មុនការចេញសេចក្តីថ្លែងការណ៍របស់យោធាប៉ាគីស្ថាន អ្នកនាំពាក្យក្រុមតាលីបង់ បានអះអាងថា ជនស៉ីវិលយ៉ាងហោច១៥នាក់ ត្រូវបានសម្លាប់ និងប្រហែល១០០នាក់ទៀតបានរងរបួស ក្នុងការវាយប្រហារទៅលើអាហ្វហ្កានីស្ថាន នាថ្ងៃពុធនេះ ដោយកងកម្លាំងប៉ាគីស្ថាន នៅស្រុក Spin Boldak ភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន។
កាលពីចុងសប្តាហ៍មុន ភាគីទាំងពីរ ក៏បានប៉ះទង្គិចគ្នានៅព្រំដែនផងដែរ ដោយពេលនោះ ទីក្រុងអ៉ីស្លាម៉ាបាដ បានអះអាងថា ខ្លួនបានសម្លាប់អ្នកប្រយុទ្ធតាលីបង់ជាង២០០នាក់ រីឯរដ្ឋាភិបាលតាលីបង់ បានអះអាងថា ទាហានប៉ាគីស្ថាន៥៨នាក់ ត្រូវបានសម្លាប់។ ក្រោយមក ប៉ាគីស្ថានបានទទួលស្គាល់ថា ទាហានរបស់ខ្លួនយ៉ាងហោច២៣នាក់បានស្លាប់ និង២៩នាក់របួស ខណៈទីក្រុងកាប៊ុល មិនបានទទួលស្គាល់ តួលេខស្លាប់និងរបួសរបស់តាលីបង់ឡើយ៕
រូបថត: AP