ក្រុមចោរធ្វើសកម្មភាពឆក់កាបូបត្រូវប្ដីម្ចាស់ផ្ទះបើក រថយន្តកាក់ពីមុខចាប់ខ្លួនបានម្នាក់នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល÷ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបានឃាត់ខ្លួននៅនឹងកន្លែង ខណៈដែលពួកគេបានធ្វើសកម្មភាពលួចកាបូបពីក្នុងផ្ទះលក់ចាប់ ហួយមួយកន្លែង ប៉ុន្តែត្រូវប្ដីរបស់ម្ចាស់ផ្ទះបើករថយន្តកាក់ពីមុខបណ្ដាលឲ្យដួលម៉ូតូ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨និង២៥នាទីព្រលប់ថ្ងៃទី១៤ តុលា ២០២៥ នៅផ្ទះលក់ចាប់ហួយមួយកន្លែង ក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ចាន់ថា ច័ន្ទ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិត្រពាំងចក ឃុំត្រពាំងចកខេត្តតាកែវ។ ជនសង្ស័យរូបនេះមានសារធាតុញៀននៅក្នុងខ្លួន។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ពេជ្រ ភេទប្រុស ភេទ ២៥ឆ្នាំបានរត់គេចខ្លួនបាត់។ ចំណែកឯម្ចាស់ផ្ទះជាជន រងគ្រោះមានឈ្មោះ ជុំ ចាន់ថន ភេទស្រី អាយុ ៤០ឆ្នាំ ជាអ្នកលក់ដូរចាប់ហួយ។

លោកអធិការបានបញ្ជាក់បន្ថែមថា ជនសង្ស័យ ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកHonda Dream C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1KQ-៣៩៤២ ទៅដល់មុខផ្ទះជនរងគ្រោះ។ ក្នុងនោះ ជនសង្ស័យម្នាក់បានដើរចូលក្នុងផ្ទះផ្នែកខាងត្បូងធ្វើជាសួររកទិញឥវ៉ាន់ ដើម្បីបង្វែរអារម្មណ៍ម្ចាស់ផ្ទះ។ ចន្លោះពេលនោះ ជនសង្ស័យម្នាក់ ទៀតបានឆ្លៀតចូលទៅលួចកាបូបស្ពាយពណ៌ឈាម ជ្រូក ដែលមានប្រាក់ដុល្លារ និងប្រាក់ខ្មែរមួយចំនួន។ ពេលស្ត្រីរងគ្រោះឃើញទាន់ហើយស្រែកថា “ចោរៗ” ជនសង្ស័យក៏ភ័យស្លន់ស្លោរត់ឡើងជិះម៉ូតូគេចខ្លួន។

លោកអធិការបន្តថា ជនសង្ស័យបានជិះម៉ូតូបានប្រហែល ១០ម៉ែត្រ ក៏ត្រូវប្តីរបស់ស្ត្រីរងគ្រោះដែលកំពុងបើករថយន្តមកដល់ផ្ទះឃើញហេតុការណ៍ទាន់ ក៏បានបើកឡានកាក់បិទផ្លូវពីមុខបណ្ដាលឲ្យម៉ូតូជនសង្ស័យដួល ហើយក៏ត្រូវបានប្រជាពលរដ្ឋជួយឃាត់ខ្លួនបានម្នាក់ភ្លាមៗតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលលួចកាបូបនោះមែន ដើម្បីយកលុយទៅចាយវាយ និងទិញគ្រឿងញៀនមកប្រើប្រាស់។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានទូរស័ព្ទដៃម៉ាក oppo ពណ៌ខ្មៅ ១គ្រឿង, ម៉ូតូ Honda Dream C១២៥ ១គ្រឿង និងកាបូបស្ពាយពណ៌ឈាមជ្រូក ១ ដែលជារបស់ជនរងគ្រោះ។

...

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print