ខេត្តតាកែវ៖ អាជ្ញាធរស្រុកកោះអណ្ដែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា នេះ បានចេញសេចក្តីជូន ដំណឹងបន្ទាន់មួយ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសាធារណជនទូទៅ អំពីស្ថានភាពទឹកជំនន់ដែលកំពុងបន្តកើនឡើង និងបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងស្រុក។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក ស្ថានភាពកម្រិតទឹកជំនន់នៅតែកើនឡើងឥតឈប់ឈរ ដែលបណ្ដាលឱ្យ កំណាត់ផ្លូវលំពីភូមិដើមដូង ឃុំក្រពុំឈូក ឆ្ពោះទៅកាន់ឃុំព្រៃយុថ្កា ត្រូវបានរងការហូរច្រោះយ៉ាងខ្លាំងក្លា និងបានលិចហូរកាត់ផ្លូវទាំងស្រុងត្រង់ចន្លោះស្ពានប៉ារ៉ាតង់។
ដើម្បីធានាសុវត្ថិភាពដល់ការធ្វើចរាចរណ៍ និងដើម្បីការពារកុំឱ្យផ្លូវកាន់តែខូចខាតធ្ងន់ធ្ងរថែមទៀត រដ្ឋបាលស្រុកកោះអណ្ដែត សម្រេចផ្អាកការធ្វើចរាចរណ៍របស់រថយន្តដឹកធន់ធ្ងន់ទាំងអស់ នៅលើកំណាត់ផ្លូវនេះជាបណ្ដោះអាសន្ន។
រដ្ឋបាលស្រុកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុតចំពោះមុខស្ថានភាពលិចលង់ និងហូរច្រោះនៃទឹកជំនន់នេះ។
រដ្ឋបាលស្រុកកោះអណ្ដែត សង្ឃឹមថា សាធារណជននឹងយោគយល់ និងចូលរួមអនុវត្តតាមការណែនាំនេះ រហូតដល់ស្ថានភាពទឹកស្រក និងអាចជួសជុលផ្លូវឡើងវិញបាន៕