ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជាឱ្យព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ចំពោះសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ៦១ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល ០៣ (បី) ឆ្នាំ ដោយទោសនេះត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ទោសសល់ពីនេះ ត្រូវព្យួរ និងពិន័យជាប្រាក់ចំនួន ៤ ០០០ ០០០ (បួនលាន) រៀល ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ។
គួររម្លឹកថា ឈ្មោះ ហ៊ុន ហេង ភេទប្រុស បានបើករថយន្តមួយគ្រឿងម៉ាក Lexus RX400h ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២AQ-២១៨៨ ស្ថិតក្នុងស្ថានភាពស្រវឹង ដោយបានបុកពីក្រោយយានយន្ត ចំនួន ៥គ្រឿង បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ១នាក់ និងរងរបួសធ្ងន់និងស្រាលមួយចំនួន ព្រមទាំង បង្កឱ្យមានការខូចខាតដល់យានយន្ត និងទ្រព្យសម្បត្តិមួយចំនួនផងដែរ។ ចំពោះសំណុំរឿងនេះ, សាលាដំបូង រាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសឈ្មោះ ហ៊ុន ហេង ដាក់ពន្ធនាគារកំណត់ ៣ឆ្នាំ តែទោសនេះអនុវត្តក្នុង ពន្ធនាគារ ១ឆ្នាំ ទោសសល់ពីនេះត្រូវព្យួរ និងពិន័យជាប្រាក់ចំនួន ៤លានរៀល ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ តាមសាលក្រមព្រហ្មទណ្ឌលេខ ៣៨០៩ “ភ” ចុះថ្ងៃទី ១៤-១០-២០២៥។
ដោយឡែកក្រសួងយុត្តិធម៌ ពិនិត្យឃើញថា អង្គហេតុខាងលើមានមនុស្សស្លាប់ និងរងរបួសច្រើននាក់ ព្រមទាំងយានយន្ត និងទ្រព្យសម្បត្តិជាច្រើនរងការខូចខាត ដែលបានបង្កឱ្យមានភាពវឹកវរដល់សណ្តាប់ធ្នាប់សាធារណៈ៕ជ្រោយពេជ្រ