ខេត្តតាកែវ÷ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត តាកែវ និងមានការសម្របសម្រួលពីសំណាក់លោក ម៉ៅ ស៉ីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យបីនាក់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ។
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២៣ និង ៣០នាទី នៅចំណុចក្នុងផ្ទះសំណាក់យីហោ រស្មីពេជ្រ ស្ថិតក្នុងភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស មានករណីអំពើលួច (លួចម៉ូតូ) កើតឡើង បង្កដោយជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ យ៉េប ណាវី ហៅដា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល (មុខសញ្ញាលួចសកម្មនៅខេត្តកណ្តាល),២-ឈ្មោះ ចេវ ម៉េងស៊ីង ហៅវីត ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជំនីកខាងត្បូង ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្ត តាកែវ និង៣-ឈ្មោះ គឹម រចនា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ពួកគេទាំងបីនាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាស៊ីស៊ូគី និច ពណ៌លឿង លាយ ស សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1CM-5567 មកចូលដេកផ្ទះសំណាក់យីហោ រស្មីពេជ្រ រួចធ្វើសកម្មភាពលួច ម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ តាកែវ 1AF.7366 របស់ម្ចាស់ឈ្មោះ ពុធ តុលា ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិពពល ឃុំព្រៃរំដេង ស្រុកគីរីវង់ ខេត្តតាកែវ ខណៈពេល ដែលម្ចាស់ទុកម៉ូតូនៅមុខបន្ទប់ ហើយចូលដេកក្នុងបន្ទប់ផ្ទះសំណាក់។
ពេលកំពុងធ្វើសកម្មភាព ម្ចាស់ផ្ទះសំណាក់ក៏មកទាន់ ហើយក្រុមជនសង្ស័យក៏បានចូលទៅក្នុងបន្ទប់ដែលជួលដេកវិញ។ បន្ទាប់មកម្ចាស់ផ្ទះសំណាក់ក៏បានចាក់សោរទុកនិងរាយការណ៍មកសមត្ថកិច្ច។
ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា ចុះដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើ រួមជាមួយវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញារង កម្លាំងមាន សមត្ថកិច្ចបានប្រគល់ម៉ូតូឱ្យទៅម្ចាស់ដើមវិញ៕