ឃាត់ខ្លួនជនជាតិបរទេស ១៧នាក់ នៅទីតាំងអគារ LH RESIDENCE សង្កាត់ទន្លបាសាក់ ខណ្ឌចំការមនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យរដ្ឋបាល នៅទីតាំងអគារ LH RESIDENCE អគារលេខ១៣ ផ្លូវលេខ៩ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន។

ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន១៤នាក់ (ស្ត្រី ៣នាក់) និងបុរសជនជាតិឥណ្ឌូនេស៊ី៣នាក់ ហើយបានដកហូតកុំព្យូទ័រ (ALL in One) ចំនួន ១០៩គ្រឿង  ម៉ូនីទ័រ ០១គ្រឿង និងទូរស័ព្ទ ១០៣គ្រឿង។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញរកឃើញថា អគារនេះ គឺជាទីតាំងឆបោកក្រោមរូបភាពបែបវិនិយោគ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam  និងឆបោកស្នេហា ទៅកាន់ប្រទេសផ្សេងៗ។

ជនសង្ស័យ និងវត្ថុតាង បច្ចុប្បន្នត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការនគរបាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print