ខេត្តស្ទឹងត្រែង៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសៅរ៍ទី១៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល នាពេលថ្មីៗនេះ បានដឹកនាំក្រុមការងារគ្រូបង្គោលថ្នាក់ជាតិ ចុះអភិបាលគាំទ្រនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។
ការចុះអភិបាលគាំទ្រផ្តោតទៅលើប្រព័ន្ធបញ្ជូនរួមមាន៖
១) ត្រួតពិនិត្យនីតិវិធីនៃការបញ្ជូនអ្នកជំងឺ
២) បង្កើនការទំនាក់ទំនងក្នុងប្រព័ន្ធបញ្ជូន ដើម្បីទទួលបានព័ត៌មានទាន់ពេលវេលា
៣) ការគ្រប់គ្រង និងថែទាំរថយន្តគិលានសង្គ្រោះ ត្រូវត្រួតពិនិត្យជាប្រចាំដោយត្រូវបង្កើត Logbook សម្រាប់រថយន្តគិលានសង្រ្គោះ ដើម្បីកត់ត្រា និងត្រូវមានរបាយការណ៍ប្រចាំខែ សម្រាប់ការបញ្ជូន
៤) ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកពាក់ពន្ធ័ដទៃទៀតត្រូវត្រួតពិនិត្យសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងឱសថជាប់ជាប្រចាំ
៥) បណ្តុះបណ្តាលធនធានមនុស្ស ក្នុងផ្នែកសង្រ្គោះបន្ទាន់ និងក្រុមរថយន្តគិលានសង្រ្គោះ ដោយត្រូវបណ្តុះបណ្តាលជាប់ជាបន្ត ដើម្បីទទួលបានគុណភាព ប្រសិទ្ធភាព នៃការអនុវត្តការងារឱ្យចំគោលដៅ
៦) ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាពិសេសចំពោះអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ និងអ្នកជំងឺក្នុងសហគមន៍ ដើម្បីអន្តរាគមន៍ទាន់ពេលវេលា។
ជាចុងក្រោយ លោកអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕