នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​៖​ បញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled)ជាករណីដែលអាចបណ្តាលមកពីក្រុមហ៊ុន Meta ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ។ ដូច្នេះ សូមអ្នកប្រើប្រាស់រង់ចាំដំណោះស្រាយផ្លូវការពីក្រុមហ៊ុន Meta

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សេចក្ដីជូនដំណឹងរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃើញមានការផ្សព្វផ្សាយពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនដែលគណនីរបស់ពួកគេត្រូវបានបិទ (Disable) ដោយមិនមានមូលហេតុច្បាស់លាស់។ ទន្ទឹមនឹងនេះ នាយកដ្ឋានក៏បានសង្កេតឃើញថា មានបុគ្គលមួយចំនួនបានប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយ សេវាកម្មដោះស្រាយបញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled) ដោយគិតថ្លៃសេវាកម្មចន្លោះពី ៥០០ដុល្លារ ដល់ ១,២០០ដុល្លារ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹក និងជូនដំណឹងដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលគណនីត្រូវបានបិទ (Disable) ដូចតទៅ៖

១. កុំទាន់បង់ប្រាក់សម្រាប់សេវាកម្មដោះស្រាយបញ្ហាដោយបុគ្គលឯកជន ដោយសារ អាចចំណាយថវិកាដោយមិនទទួលបានលទ្ធផល។

២. សូមប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់សេវាកម្មដែលមិនមានប្រភពច្បាស់លាស់ ឬមិនមានការទទួលស្គាល់ផ្លូវការពីក្រុមហ៊ុន Meta ឬស្ថាប័នដែលមានសមត្ថកិច្ច។

៣. បញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled)ជាករណីដែលអាចបណ្តាលមកពីក្រុមហ៊ុន Meta ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ។ ដូច្នេះ សូមអ្នកប្រើប្រាស់រង់ចាំដំណោះស្រាយផ្លូវការពីក្រុមហ៊ុន Meta។

សូមបញ្ជាក់ផងដែរថា ករណីនេះមិនទាន់មានអំណះអំណាងណាមួយពិតប្រាកដថាមូលហេតុការបិទគណនីហ្វេសប៊ុក មកពីអ្វីនោះទេ។ ដូច្នេះ សូមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការប្រុងប្រយ័ត្ន និងទាក់ទងទៅក្រុមហ៊ុន Meta ដោយផ្ទាល់សម្រាប់ការដោះស្រាយបញ្ហា៕

...

ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print