ភ្នំពេញ៖ ក្រសួងសាធារណការនិង ដឹកជញ្ជូនបានប្រកាសចាត់វិធានតាមផ្លូវ ច្បាប់ចំពោះម្ចាស់យានយន្តកែច្នៃខុស លក្ខណៈបច្ចេកទេសទាំងអស់ដែលមិន បានយកទៅកែតម្រូវលក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវដើម្បីចូលរួមក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន។
ក្នុងសេចក្ដីជូនដំណឹងជាលើកចុងក្រោយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា នេះគឺជាការក្រើនរម្លឹកជាលើកចុងក្រោយហើយដែលក្រសួងនឹងចាត់វិធានការក្តៅទប់ស្កាត់យានយន្ដកែច្នៃខុសបច្ចេកទេសនិងដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៦តទៅដោយចាប់ផ្តើមចាត់វិធានការឃាត់រថយន្ដទុកឬពិន័យជាប្រាក់និងអាចឈានទៅបិទអាជីវកម្មក្នុងករណីម្ចាស់ យានយន្តមិនគោរពតាមសេចក្ដីណែនាំ របស់ក្រសួង។
សេចក្ដីជូនដំណឹងដដែលបន្ដថា បន្ទាប់ពីក្រសួងបានទុកពេលក្នុងរយៈពេល១ខែ ចាប់ពីថ្ងៃទី១៦ ខែសីហា រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ម្ចាស់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសត្រូវយកយានយន្តរបស់ខ្លួនទៅកែតម្រូវលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋាន លក្ខណៈបច្ចេកទេសដូចដែលមានចែងនៅក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
តែទោះបីយ៉ាងនេះក្ដីការកែច្នៃយានយន្ដខុសលក្ខណៈបច្ចេកទេសនេះបានធ្វើឱ្យប៉ះពាល់ដល់ការកកស្ទះចរាចរណ៍ងាយ បង្កគ្រោះថ្នាក់ដល់មនុស្សឱ្យរងរបួសនិងស្លាប់ ហើយយានយន្តតទ្រុងនេះបានដឹក ជញ្ជូនលើសចំណុះដែលនាំឱ្យខូចខាត ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាននិងធ្វើឱ្យ ខាតបង់ថវិកានិងសេដ្ឋកិច្ចជាតិ។
សូមរម្លឹកថា កន្លងមកក្រសួងសាធារណ ការនិងដឹកជញ្ជូនបានចេញសេចក្ដីណែនាំដោយតម្រូវឱ្យម្ចាស់យានយន្ដអនុវត្ដស្របតាមបទដ្ឋានលក្ខណៈបច្ចេកទេសអំពីទំហំរថយន្ដ រថយន្ដសណ្ដោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក និងទំហំទ្រុងរថយន្ដដឹកទំនិញដែលបាន កំណត់ប្រវែងទទឹងអតិបរមាមិនត្រូវឱ្យលើសពី២,៥០ម៉ែត្រ លើកលែងតែយានយន្ដ ឧបករណ៍ដែលមិនត្រូវឱ្យលើសពី៣ម៉ែត្រ។
ចំពោះប្រវែងកម្ពស់អតិបរមាមិនត្រូវឱ្យលើសពី៤,២០ម៉ែត្រប្រវែងបណ្ដោយអតិ បរមានៃរថយន្ដនីមួយៗមិនត្រូវឱ្យលើស ១២,២០ម៉ែត្រ ក្នុងករណីមានសណ្ដោងសឺ មឺរ៉ីម៉កគឺមិនត្រូវឱ្យលើសពី១៦ម៉ែត្រឡើយ។
ដោយឡែកប្រវែងបណ្ដោយអតិបរមានៃរថយន្ដនីមួយៗដែលមានសណ្ដោងរ៉ីម៉ក មិនត្រូវឱ្យលើសពី១៨ម៉ែត្រហើយកម្ពស់ អតិបរមានៃទ្រូងធម្មតាមិនត្រូវឱ្យលើស ពី០,៥០ម៉ែត្រគិតពីដំបូលយាននិងទទឹងទ្រុងអតិបរមាមិនត្រូវឱ្យលើសពីទទឹង កាប៊ីន ។ កម្ពស់អតិបរមានៃទ្រុងជាប្រអប់បិទជិតមិនត្រូវឱ្យលើស០,៨០ម៉ែត្រគិតពីដំបូលយាននិងទទឹងទ្រុងអតិបរមាមិនត្រូវលើសពីទទឹងកាប៊ីន៕
ដោយ៖ សហការី