ខេត្តកណ្តាល÷ ដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលតាលន់ ឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីគំរាមកំហែងថា និងសម្លាប់។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ករណីនេះបានកើតហេតុថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៣០នាទី នៅចំណុច ស្ថិតភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពបន្តថា ជនរងគ្រោះ១នាក់ ឈ្មោះ អាន ឈិន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិលេខ៤ ឃុំ ប្រាសាទ ស្រុកស្អាង និង ជនសង្ស័យចំនួន០១នាក់ ឈ្មោះ រិន ទិព្វ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរកម្មករ មានទីលំនៅភូមិលេខ ៤ ឃុំប្រាសាទ ស្រុកស្អាង ត្រូវបានឃាត់ខ្លួនហើយ គ្មានសារធាតុញៀនវិជ្ជមាន(-)។
ជនសង្ស័យធ្លាប់បានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ប្រាសាទអប់រំធ្វេីកិច្ចសន្យាម្តងរួចមកហេីយ ករណីអំពេីលួច(ម៉ាសុីនទូកស្មាច់)ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៥ វេលាម៉ោង ១៧ និង ៣០ នាទី។
នគរបាលបានឲ្យដឹងថា កន្លងមកជនសង្ស័យបានផឹក ស្រាស្រវឹង ហើយបានយកកាំបិតផ្គាក់ទៅគំរាមកំហែងរកកាប់ សម្លាប់ជនរងគ្រោះដល់ផ្ទះម្ដងរួចមកហើយ។ ចាប់តាំងពីពេលនោះមក ជនសង្ស័យបានរត់គេចខ្លួនចេញពីមូលដ្ឋានបាត់។
លុះនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥វេលាម៉ោង ១៤និង ៣០នាទី ជនសង្ស័យផឹកស្រាស្រវឹងបាននិយាយប្រាប់អ្នកស្គាល់គ្នានៅក្នុងភូមិឃុំដោយពាក្យដដែលៗថា និងចាំកាប់សម្លាប់ជនរងគ្រោះឲ្យទាល់តែបាន។ ដោយមានការភ័យខ្លាចពីសុខសុវត្តិភាពរបស់ខ្លួន,ជនរងគ្រោះបានដាក់កាមេរ៉ាសុវត្តិភាពដាក់នៅក្នងផ្ទះថែមទៀត។
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥វេលាម៉ោង ១៤និង៣០ នាទី ជនរងគ្រោះក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលស្រុកស្អាងសហការជាមួយ កម្លាំងប៉ុស្តិ៍នគរនបាលប្រាសាទ និង កម្លាំងប៉ុស្តិ៍នគរបាលតាលន់ បានឃាត់ខ្លួនជនសង្ស័យយកមកធ្វេីការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាធ្លាប់បានយកកាំបិតផ្គាក់ទៅគំរាមកំហែងរកកាប់ សម្លាប់ជនរងគ្រោះដល់ក្នុងផ្ទះពិតប្រាកដមែនដោយគំនុំ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕