ប្រជាជនរាប់ពាន់នាក់ដែលរស់នៅក្បែរឆ្នេរសមុទ្រក្នុងប្រទេសហ្វីលីពីនត្រូវបានជម្លៀសចេញដោយសារតែការភ័យខ្លាចនៃទឹកជំនន់ និងផលប៉ះពាល់អវិជ្ជមាននៃព្យុះទីហ្វុង Fengshen ។
ភ្នែករបស់ព្យុះទីហ្វុង Fengshen ត្រូវបានគេព្យាករថានឹងបោកបក់ពាសពេញ Catanduanes ដែលជាកោះមានប្រជាជនចំនួន 270,000 នាក់នៅក្នុងប្រទេសហ្វីលីពីននាពេលបច្ចុប្បន្ននេះ ជាមួយនឹងខ្យល់បក់បោកក្នុងល្បឿន 80 គីឡូម៉ែត្រក្នុងមួយម៉ោង។ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុរបស់រដ្ឋាភិបាលហ្វីលីពីនបានព្រមានថា Fengshen នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងហានិភ័យនៃការជន់លិចនៅតំបន់ឆ្នេរ ខណៈដែលរលកខ្ពស់រហូតដល់ 1-2 ម៉ែត្រ (3-6 ហ្វីត) នឹងបោកបក់មកច្រាំង។
យោងតាមទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់ ប្រជាជនប្រហែល 9,000 នាក់នៃកោះ Catanduanes បានផ្លាស់ប្តូរទៅកាន់កន្លែងដែលមានសុវត្ថិភាពជាងមុនពេលព្យុះទីហ្វុងនេះមកដល់។ រដ្ឋាភិបាលខេត្ត Catanduanes បានស្នើឱ្យមន្ត្រីក្នុងតំបន់ធ្វើផែនការជម្លៀសប្រជាជននៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ដូចជានៅជិតឆ្នេរសមុទ្រ តំបន់ទំនាប និងតំបន់ដែលងាយនឹងមានការបាក់ដី។
ខេត្តជិតខាង Sorsogon និង Albay ក៏បានជំរុញអ្នកស្រុកឱ្យជម្លៀសខ្លួនជាមុនដែរ ប៉ុន្តែតួលេខមិនទាន់ត្រូវបានចេញផ្សាយនៅឡើយ។
ហ្វីលីពីន ជួបប្រទះព្យុះទីហ្វុងជាមធ្យម 20លើកក្នុងមួយឆ្នាំ។ អ្នកវិទ្យាសាស្ត្រព្រមានថា ខ្យល់ព្យុះទីហ្វុងកាន់តែខ្លាំងឡើងដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ ព្យុះទីហ្វុង Fengshen បានលេចចេញជារូបរាង ខណៈដែលហ្វីលីពីនបានរងការរញ្ជួយដីជាបន្តបន្ទាប់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៧ នាក់ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ៕ ដោយធីរីណា
រូបថត: AFP