ខេត្តកណ្តាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសមានមោទនភាពក្រៃលែង ដែលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោនាពេលនេះ ខណៈអាកាសយានដ្ឋាននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជា និងបណ្ដាប្រទេសដទៃទៀត នៅលើពិភពលោក ជាពិសេសយុទ្ធាសាស្រ្ដបើកជំហរជើងមេឃរបស់កម្ពុជា។
សម្តេចថ្លែងបែបនេះ ខណៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ
ថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ផ្លូវអាកាសជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនដ៏ចាំបាញ់លើវិស័យទេសចរណ៍ កាទូត នយោបាយ និងវិស័យជាច្រើនទៀត ដែលមិនអាចខ្វះបាន ខណៈអាកាសយានដ្ឋានថ្មីរបស់កម្ពុជានេះអាចទទួលជើងយន្តហោះខ្នាតអន្តរជាតិជាច្រើននៅជុំវិញពិភពលោក។
សូមបញ្ជាក់ថា ៖ ក្រុមហ៊ុន OCIC ប្រើទុនវិនិយោគចំនួន ២ ៣00 លានដុល្លារ ក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ ។
ការវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ មានចំនួន ២ ៣00 លានដុល្លារអាម៉េរិក ដោយរួមបញ្ចូលចំណាយសាងសង់ស្ថានីយ៍អ្នកដំណើរ ស្ថានីយ៍អ្នកដំណើរពិសេស (VVIP Terminal) ទីលានចុះចតយន្តហោះ អគារ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ប្រតិបត្តិការអាកាសយានដ្ឋាន រួមមានផ្លូវ ស្ពានអាកាស ឃ្លាំងទំនិញ ចំណាយហិរញ្ញប្បទាន និងចំណាយសម្រាប់ការផ្ទេរប្រតិបត្តិការ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មក អាកាសយានដ្ឋានអន្តរជាតិ តេជោ។
លោក ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានថ្លែងបែបនេះ ក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលានេះ៕
ដោយ ៖ សិលា










