ប្រធានទី១ សភាពាណិជ្ជកម្មប៊ុលហ្គារី​ ផ្តោតការចាប់អារម្មណ៍លេីការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅប្រទេសប៊ុលហ្គារី ជាពិសេសការសិក្សាស្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគវិស័យកសិកម្មកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ​ បានអញ្ជេីញជួបជាមួយ លោក Maxim Behar ប្រធានទី១ សភាពាណិជ្ជកម្មប៊ុលហ្គារី និងជានាយកប្រតិប្រតិ្តក្រុមហ៊ុន M3 Communications Group ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនៃជំនួប លោក Maxim Behar បានសម្តែងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងផ្តោតការចាប់អារម្មណ៍លេីការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅប្រទេសប៊ុលហ្គារី ជាពិសេសការសិក្សាស្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគវិស័យកសិកម្មកម្ពុជា។

ជាការឆ្លេីយតប លោករដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីកសិផលសក្តានុពលរបស់កម្ពុជាជាច្រើនប្រភេទ មានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ដែលជាឱកាសសម្រាប់វិនិយោគិនប៊ុលហ្គារី ក្នុងការចាប់យក សំដៅលើកកម្ពស់ការកែច្នៃ វេចខ្ចប់ ហេីយប្រទេសកម្ពុជាមានក្របខណ្ឌច្បាប់ស្តីពីការវិនិយោគ ដែលជួយគាំទ្រដល់រាល់វិនិយោគិនឱ្យទទួលបានអត្ថប្រយោជន៍ជាច្រេីន។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានលើកឡើងអំពីសវតានៃព្រឹត្តិការណ៍ CAFE25 ដែលនឹងប្រព្រឹត្តិទៅនៅពេលខាងមុខនេះ ដើម្បីផ្សារភ្ជាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន៖ កសិករអ្នកផលិត អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន អ្នកតាក់តែងគោលនយោបាយ និងដៃគូអភិវឌ្ឍន៍នានា។ 

ជាទីបញ្ចប់ លោករដ្ឋលេខាធិការ បានអញ្ជេីញគណៈប្រតិភូ និងវិនិយោគិនប៊ុលហ្គារី ចូលរួមវេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) ដែលជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតដំបូងបង្អស់ និងជាវេទិកាប្រវត្តិសាស្រ្តដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញវិនិយោគិនក្នុងស្រុកនិងក្រៅប្រទេស និងជំរុញការកែច្នៃក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print