គណៈកម្មការចម្រុះព្រំដែនគោក កម្ពុជា-ថៃ (JBC) បានឯកភាពគ្នាជាគោលការណ៍ក្នុងការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពិសេស JBC នៅថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២៥ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ
ដំណើរការនៃកិច្ចប្រជុំJBC ដែលចាប់ផ្តើមនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៥ នឹងរៀបចំឡើងនៅ សណ្ឋគារ Maneechan Resort Chanthaburi ប្រទេសថៃ។ យោងតាមរបៀបវារៈ កិច្ចប្រជុំនឹងចាប់ផ្តើមនៅម៉ោង១១ និង ៣០នាទីព្រឹក បន្តរហូតដល់ម៉ោង៦ល្ងាច ដែលចន្លោះម៉ោងនេះ ភាគីទាំង២ ក៏មានពេលវេលាសម្រាកខ្លះ ផងដែរ។
សមាសភាព កម្ពុជា ដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម។
សមាសភាពថៃ ដឹកនាំដោយលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។
កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) មានរបៀបវារៈដូចជា៖
១-ពិនិត្យ និងតាមដានវឌ្ឍនភាព កិច្ចប្រជុំJBC លើកទី6 នៅភ្នំពេញ (14-15 មិថុនា 2025)
២-របៀបវារៈជាអាទិភាពដែលប្រគល់ជូនដោយ (GBC) ក្នុងកិច្ចប្រជុំពិសេសលើកទី1 នៅខេត្តកោះកុង (10-9-2025) ជាពិសេសករណីភូមិជោគជ័យ
៣-របៀបវារៈផ្សេងៗទៀត៕
ដោយ៖តារា










