ខេត្តកែប៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តស្ទូចនិងម៉ូតូលើកំណាត់ ផ្លូវ ជាតិលេខ ៣៣ ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប បណ្ដាលឱ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរម្នាក់ទៀតស្លាប់បាត់បង់ជីវិត។
ករណីនេះកើតឡើងនៅថ្ងៃអង្គារ ១៤ រោច ខែ អស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ៤និង៤០ នាទីទាបភ្លឺ ត្រង់ចំណុចខាងលិចស្ពានវត្តចរិយាវង្ស ចម្ងាយ ៣៥, ៥០ ម៉ែត្រ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤-១៥ ។
ប្រភពព័ត៌មានឱ្យដឹងថា រថយន្តម៉ាក FUSO ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 3A.0815 កំពុងខូចចតនៅលើទ្រូងផ្លូវចំហៀងខាងស្តាំ ទិសដៅពីលិចទៅកើត ដោយ ពុំបានដាក់ភ្លើងសញ្ញា។ អ្នកបើកបររថយន្តឈ្មោះ បិន ដា ភេទប្រុស អាយុ ៤៤ ឆ្នាំ រស់នៅភូមិកោះម៉ាក់ប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានគេចខ្លួនពីកន្លែងកើតហេតុ។ ម៉ូតូម៉ាក SUZUKI NEX ពណ៌ស-ក្រហម ផលិតឆ្នាំ ២០២៥ ពាក់ផ្លាកលេខ កំពត 1W.4009 បានធ្វើដំណើរស្របទិសគ្នាពីខាង លិច ហើយបានបុកគូថរថយន្តស្ទូចពី ក្រោយចំហៀងខាងឆ្វេងពេញទំហឹង។
អ្នកបើកបរម៉ូតូ បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។
អ្នករួមដំណើរ បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តកែប។ ក្រោយមកត្រូវបញ្ជូនបន្តទៅមន្ទីរ ពេទ្យខេត្តកំពត ហើយក៏បានស្លាប់បាត់បង់ជីវិតដែរ។
សពជនរងគ្រោះទាំង ២ នាក់ (ដែលកំពុងស្រាវជ្រាវរកអត្តសញ្ញាណ និងក្រុមគ្រួសារ) ត្រូវបានយកទៅតម្កល់ ទុកនៅមន្ទីរពេទ្យខេត្តកែប ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ប្រភពបានឱ្យដឹងថា ករណីគ្រោះថ្នាក់នេះបណ្ដាលមកពីរថយន្តស្ទូចម៉ាក FUSO ពណ៌ស ខូចចតលើទ្រូងផ្លូវចំហៀងខាងស្តាំ ដោយមិនបានដាក់ភ្លើងសញ្ញា ឬបិទគំនូសសញ្ញាណាមួយដើម្បីប្រាប់អ្នកដំណើរពីក្រោយ ដែលជាហេតុធ្វើឱ្យម៉ូតូបើកបរស្របទិសបុកពីក្រោយបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងរបួសធ្ងន់តែម្ដង។
វត្ថុតាងទាំងពីរគ្រឿងមាន រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកែប ដើម្បីបន្តនីតិវិធី។ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់អ្នកបើកបររថយន្តស្ទូចដែលបានរត់គេចខ្លួន និងស្វែងរកអត្តសញ្ញាណជនរងគ្រោះដើម្បីទាក់ទងទៅក្រុមគ្រួសារ៕










