ខេត្តព្រះសីហនុត្រៀមបិទបញ្ចប់គម្រោង​​ បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅដ្ឋានឆ្នេរសមុទ្រ នៃប្រទេសកម្ពុជា (CCA4CS)

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោង CCA4CS នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំវាយតម្លៃលទ្ធផល នៃការអនុវត្តគម្រោង «បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅដ្ឋានឆ្នេរសមុទ្រនៃប្រទេសកម្ពុជា» ដោយមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាព និង អាជ្ញាធរមូលដ្ឋាន។

សូមជម្រាបថា គម្រោងនេះ មានរយៈពេលអនុវត្ត៤ឆ្នាំ​ ដែលមាននាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ដ ក្រសួងបរិស្ថាន ជាស្ថាប័នទទួលបន្ទុក និងមានអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat)ជាស្ថាប័នសម្របសម្រួល។ គោលបំណងសំខាន់ៗ នៃគម្រោងគឺដើម្បីលើកកម្ពស់ការបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងកសាងភាពធន់នៅតំបន់លំនៅឋានតំបន់ឆ្នេរដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជាតាមរយៈសកម្មភាពបន្សុំានឹងការប្រែប្រួលអាកាសធាតុជាពិសេសនៅតំបន់ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិ។ ជារួម គម្រោងសម្រេចបានសមិទ្ធផលគួរជាទីមោទកដូចជា៖
• ដើមកោងកាងចំនួន ៥៨,៩ ហិកតាត្រូវបានស្ដារឡើងវិញ
• ការការពារការហូរចូលទឹកប្រៃតាមរយៈការជួសជុលទ្វារទឹក និងប្រឡាយទឹក
• ការរចនាលំនៅឋានដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការសាងសង់ផ្ទះគំរូចំនួន៧ សម្រាប់ប្រគល់ជូនគ្រួសារក្រីក្រងាយរងគ្រោះ នៅក្នុងស្រុកព្រៃនប់ ខេត្ដព្រះសីហនុ
• ប្រព័ន្ធលូបង្ហូរទឹក និងប្រព័ន្ធទឹកភ្លៀងត្រូវបានដំឡើងនៅផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ
• ស្ថានីយអាកាសធាតុ និងឧបករណ៍វាស់កម្ពស់ទឹករលកដែលមានភ្ជាប់នឹងប្រព័ន្ធប្រកាសអាសន្នជាមុនត្រូវបានដំឡើងនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។

...

លោកអភិបាលរង បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តគម្រោងកន្លងមក និងបានលើកឡើងថា គម្រោងនេះគឺជាការឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងការបន្សាំនៃការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលបញ្ចកោណទី៤ ផ្តោតទៅលើ ការអភិវឌ្ឍប្រកបដោយ ភាពធន់ ចីរភាព និងបរិយាបន្ន តាមរយៈមុំទាំង៥គឺ៖
១. ការធ្វើបរមភាវូបនីយកម្ម ផលលាភប្រជាសាស្ត្រ, ការពង្រឹងភាពធន់ប្រជាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ
២. ការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព
៣. ការលើកស្ទួយកសិកម្ម និងអភិវឌ្ឍន៍ជនបទ
៤. ការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម
៥. ធានាចីរភាពបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print