ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៧ព្រឹក មានឈ្មោះ សុន ង៉ែត ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិព្រៃក្តី ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្តឹងទៅលើឈ្មោះ ផាន សុភ័ណ្ឌ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រៃក្ដី ឃុំរលាំងចក ស្រុកសំរោងទង។
នៅក្នុងពាក្យបណ្ដឹងបានឲ្យដឹងថា ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈ្មោះសុន ង៉ែត កំពុងសម្រាកនៅក្រោមផ្ទះស្រាប់តែឮសំឡេងឪពុកឈ្មោះ ឈៀ ខេន អាយុ៨០ឆ្នាំ នៅខ្ទមជិតផ្ទះចម្ងាយប្រហែល៤ម៉ែត្របានស្រែកក៏បានចេញមកមើល ឃើញឈ្មោះ សុភ័ណ្ឌ កាន់កាំបិតបុ័ងតោ ហើយឪពុកមានរបួសប្រាប់ថា ឈ្មោះ សុភ័ណ្ឌ កាប់គាត់។ បន្ទាប់មក ក្រុមគ្រួសារបានបញ្ជូនលោកតាទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
វេលាម៉ោង៩ព្រឹក ថ្ងៃខែឆ្នាំដដែលកម្លាំងជំនាញស្រុកសហការជាមួយប៉ុស្តិ៍បានឃាត់ឈ្មោះ ផាន សុភ័ណ្ឌ មកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាល។ ឈ្មោះផាន សុភ័ណ្ឌ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតបុ័ងតោកាប់ជីតារបស់ខ្លួនប្រាកដមែន។
ជនសង្ស័យបានបញ្ជាក់ថា មូលហេតុខឹងជីតាស្តីបន្ទោសរឿងយកបារីគាត់ជក់។ សមត្ថកិច្ចបានដកហូតកាំបិតបុ័ងតោ១ដើម។











